ភ្នំពេញ ៖ យុវជនម្នាក់ សុខចិត្តបញ្ចប់ជីវិតដោយចង.ក សម្លាប់ខ្លួន ក៏ព្រោះតែឈឺចិត្តត្បិតខឹងសង្សារនឹងចូលរោងការប៉ុន្មានថ្ងៃខាងមុខទៀតនេះ តែទោះជាយ៉ាងណាក្តីនៅកន្លែងកើតហេតុ ត្រូវបានកងសន្តិសុខបុរីពិភពថ្មី ជាច្រើននាក់ បានឈរបិទផ្លូវរារាំងមិនឲ្យជនណាម្នាក់ចូលទៅថតរូបភាពផ្សាយឡើយ មិនដឹងថាក្រុមសន្តិសុខទាំងនោះបានបទបញ្ជា ឬអាថ៌កំបាំងអ្វីផ្សេងពីនេះទៀតនោះទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងបន្ទប់ជួលលេខ I 10 បុរីពិភពថ្មី ភូមិព្រៃបឹងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
តាមសាច់ញាតិបុរសខាងលើបានឲ្យដឹងថា យុវជនគិតខ្លីរូបនេះមានឈ្មោះ ប៊ន ភី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់កើតហេតុ រួមជាមួយបងប្រុសម្នាក់ទៀត ឈ្មោះ ប៊ន ភាព អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនរងគ្រោះ មានបងប្អូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជនរងគ្រោះជាកូនទី៤ ក្នុងគ្រួសារឪពុកជាបុរសពោះម៉ាយ។
តាមសាច់ញាតិបានបង្ហើបប្រាប់ឲ្យដឹងទៀតថា ជនរងគ្រោះមានស្នេហាជាមួយនារីម្នាក់នៅស្រុកភូមិជាមួយគ្នា តែមួយរយៈកន្លងមក នាងជាសង្សារបានបែកចិត្តមានស្នេហ៍ថ្មីបាត់ទៅហើយ លុះរហូតមកដល់២ថ្ងៃមុនថ្ងៃកើតហេតុ បន្ទាប់ពីលេចឮដំណឹងថានាងជាសង្សារចូលរោងការជាមួយប្រុសផ្សេង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ជាមូលហេតុធ្វើឲ្យជនរងគ្រោះ បែកអារម្មណ៍ មិនហូបបាយទឹករលឹកចំណី សូម្បីការងារក៏មិនទៅធ្វើដែរ ស្រាប់តែនៅរសៀលថ្ងៃទី១៤វិច្ឆិកានេះ ខណៈដែលបងប្រុសទៅធ្វើការបាត់ ជនរងគ្រោះនៅសម្ងំក្នុងបន្ទប់ម្នាក់ឯង ក៏គិតខ្លី ចង.ក បញ្ចប់ជីវិតទៅវិញ ហើយត្រូវបានសាច់ញាតិក្បែរនោះ និងកងសន្តិសុខ កាត់ខ្សែចំណងក្រមាដាក់ចុះមកក្រោម បង្កឲ្យភ្ញាក់ផ្អើល ហើយកងសន្តិសុខ មកឈររារាំង មុខបន្ទប់ ដោយមិនឲ្យជនណាម្នាក់ទាំងអ្នកសារព័ត៌មានផងដែរបានចូលថតរូបភាពយកផ្សាយឡើយ។ តែទោះជាយ៉ាងណា ជំនាញថតរូបរបស់អ្នកកាសែតនៅតែអាចរករូបភាពមកផ្សាយបានដដែល។
ក្រោយពីមានការភ្ញាក់ផ្អើលថា បន្ទប់ជួលខាងលើមានខ្មោចចង.ក ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យដើម្បីធ្វើកោសល្យវិច័យ ហើយឃើញថាជនរងគ្រោះពិតជាចង.ក សម្លាប់ខ្លួនប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments