មេធាវីការពារក្តីបានប្រាប់សាលក្រមក្រុងញូវយ៉កកាលពីថ្ងៃអង្គារថា ស្តេចត្រាញ់គ្រឿងញៀន Joaquin “El Chapo” Guzman គឺជា “អ្នករងកំហុសពីអ្នកផ្សេង” នៃក្រុមជួញដូរគ្រឿងញៀនមួយដែលបានសូកប៉ាន់ប្រធានាធិបតីម៉ិកស៊ិកស្របពេលដែលរដ្ឋអាជ្ញាបានចាត់ទុកគាត់ថាជាឧក្រិដ្ឋជនដ៏ឃោរឃៅម្នាក់ដែលសម្លាប់ដោយឈាមត្រជាក់។
ដំណាក់កាលដ៏សំខាន់នៃរឿងក្តីនេះបានចាប់ផ្តើមជាមួយសេចក្តីថ្លែងការណ៍បើកនៅអ្វីដែលត្រូវបានគេរំពឹងថានឹងក្លាយជាការកាត់ក្តីចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
លោក Guzman ដែលត្រូវបានគេចាត់ទុកថាជាអ្នកជួញដូរថ្នាំញៀនធំបំផុតលើពិភពលោកចាប់តាំងពីការស្លាប់របស់លោក Pablo Escobar របស់ប្រទេសកូឡុំប៊ីមកគឺត្រូវបានកាត់ទោសនៅក្នុងទីក្រុងញូវយ៉កក្រោមការរៀបចំសន្តិសុខយ៉ាងតឹងរ៉ឹងបន្ទាប់ពីបានរត់គេចពីពន្ធនាគារចំនួនពីរដងនៅប្រទេសម៉ិកស៊ិក។
គាត់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ជួញដូរ បទល្មើសព្រហ្មទណ្ឌនិងការលាងលុយកខ្វក់ចំនួន១១ករណីដែលទំនងជានឹងធ្វើឲ្យគាត់ត្រូវជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងពន្ធនាគារសន្តិសុខអតិបរមារបស់សហរដ្ឋអាមេរិកប្រសិនបើគាត់ត្រូវបានផ្តន្ទាទោសនៅចុងបញ្ចប់នៃការជំនុំជម្រះរយៈពេលជាង៤ខែ។
គាត់ត្រូវបានគេចោទប្រកាន់ពីបទដឹកនាំក្រុមជួញដូរ Sinaloa ដែលបានក្លាយទៅជាក្រុមឧក្រិដ្ឋកម្មធំបំផុតរបស់ពិភពលោក។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៏បើក មេធាវីការពារក្តីបានអះអាងថា ចុងចោទម្នាក់ទៀតដែលកំពុងរត់គេចខ្លួនគឺលោក Ismael “El Mayo” Zambada ទើបជាអ្នកទោសពិតប្រាកដ។
លោក Jeffrey Lichtman បានប្រាប់តុលាការសហព័ន្ធអាមេរិកនៅទីក្រុង Brooklyn ថា “ការពិតទៅ លោក Guzman មិនបានគ្រប់គ្រងអ្វីទេ។ លោក Mayo Zambada គឺជាអ្នកធ្វើ”។
គាត់បានចោទប្រកាន់ថា លោក Zambada បានសូកប៉ាន់មនុស្សគ្រប់គ្នារួមទាំងប្រធានាធិបតីបច្ចុប្បន្ននិងកាលពីអតីតរបស់ប្រទេសម៉ិកស៊ិកផងដែរ។ លោកបាននិយាយបែបនេះដោយសំដៅទៅលោកប្រធានាធិបតី Enrique Pena Nieto និងអ្នកកាន់តំណែងមុនគឺលោក Felipe Calderon ។
ទាំងលោក Calderon និងលោក Pena Nieto បានបដិសេធទទួលសំណូកពីក្រុមជួញដូរ Sinaloa ទេដោយអតីតប្រធានាធិបតីបានហៅការចោទប្រកាន់នេះថាជា “ការមិនពិតនិងមិនប្រុងប្រយ័ត្ន” ហើយចុងក្រោយបាននិយាយថា វាជា “ការក្លែងក្លាយនិងក្លែងបន្លំ”៕ AFP
Source: Kampuchea Thmey Daily
0 Comments