ភ្នំពេញ ៖ ស្របពេលដែលកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស The voice kids Cambodia រដូវកាលទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជ័យលាភីហើយនោះ តារាចម្រៀងហង្សមាស ដែលមានសំណាងធ្វើជាគណៈកម្មការនៅក្នុងកម្មវិធី កញ្ញា សួស វីហ្សា បានបញ្ចេញអារម្មណ៍ពិតផ្ទាល់ខ្លួន ខណៈនាងបានគ្រងតំណែងមួយនេះ។
តារាចម្រៀងរូបស្រស់មានដើមកំណើតមកពីទឹកដីខេត្តស្វាយរៀង កញ្ញា សួស វីហ្សា បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនថា រូបភាពទាំងអស់នេះ គឺជាអនុស្សាវរីយ៍ដ៏មានន័យបំផុតក្នុងជីវិតរបស់ខ្ញុំ ពិតជាពេញចិត្ត និងរំភើបចិត្តខ្លាំង នៅពេលដែលខ្ញុំបានក្លាយជាចំណែកដ៏សំខាន់ម្នាក់ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The voice kids Cambodia រដូវកាលទី២នេះ។
កញ្ញា សួស វីហ្សា បានលើកឡើងទៀតថា នាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំរបស់ខ្ញុំ ដែលលោកបានផ្ដល់ទំនុកចិត្ត និងភាពជឿជាក់មកលើសមត្ថភាពរបស់នាងខ្ញុំ អាចឲ្យខ្ញុំបានកាន់តំណែងជា Coach នេះ ហើយក៏សូមអរគុណដល់ក្រុមការងាររបស់មហាគ្រួសារហង្សមាសទាំងអស់គ្រប់ជាន់ថ្នាក់ដែលតែងតែផ្ដល់ភាពកក់ក្ដៅ និងរួមសហការគ្នាបានយ៉ាងហ្នឹងជាចុងក្រោយ។
បន្ថែមពីលើនេះ តារាចម្រៀងចង្កាព្រែក កញ្ញា សួស វីហ្សា និយាយទៀតថា ខ្ញុំសូមថ្លែងអំណរគុណចំពោះ ពុកម៉ែ បងប្អូន ពូ មីង លោកយាយ លោកតា កុមារា កុមារី ទាំងអស់ ដែលបានស្រឡាញ់គាំទ្ររូបនាងខ្ញុំយ៉ាងច្រើនលើសលប់ តាំងពីដើមរហូតមកដល់ពេលនេះ ដោយក្ដីគោរព ពីនាងខ្ញុំ សួស វីហ្សា Sous visa។
សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស The voice kids Cambodia រដូវកាលទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនខណៈបេក្ខជនម្ចាស់ជ័យលាភី ត្រូវបានរកឃើញ គឺបានទៅលើប្អូនប្រុស ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់តារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា៕
Source: Kampuchea Thmey Daily
0 Comments