Ad Code

CNN ប្តឹង​ចំពោះ​ការរារាំង​អ្នករាយការណ៍ ​ខណៈ​សេត​វិមាន​ប្តេជ្ញា​ការពារ​យ៉ាង​រឹងមាំ



ចៅក្រម​សហព័ន្ធ ​នឹង​បើកសវនាការ​នៅ​ថ្ងៃ​ពុធ​លើ​បណ្តឹង​របស់​ទូរទស្សន៍ CNN ប្រឆាំង​នឹង​រដ្ឋបាល​របស់​លោក Donald Trump ដែល​ចោទប្រកាន់​សេត​វិមាន​ថា​ បាន​រំលោភបំពាន​សិទ្ធិ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​លោក Jim Acosta ដោយ​ការ​ដកហូត​ប័ណ្ណ​ព័ត៌មាន​របស់​គាត់​ បន្ទាប់​ពី​មាន​ជម្លោះ​ដ៏​ក្តៅគគុក​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​

ទោះបីជា​យ៉ាងណាក៏ដោយ សេត​វិមាន​បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​ទូរទស្សន៍ CNN ថា​ជា “​ការទាក់ទាញ​ចំណាប់អារម្មណ៍​” និង​បាន​ប្តេជ្ញា “​ការពារ​យ៉ាងរឹងមាំ​” ប្រឆាំង​បណ្តឹង​នេះ​។​

ជម្លោះ​ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​និង​ការលុបចោល​សិទ្ធិ​របស់លោក Acosta បាន​បង្ក​ឲ្យ​មានការ​ចោទប្រកាន់ថា លោក Trump កំពុង​រារាំង​សេរីភាព​សារព័ត៌មាន​ហើយ​បាន​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​យ៉ាងខ្លាំង​រវាង​រវាង​ប្រធានាធិបតី​និង CNN ដែលជា​គោលដៅ​នៃ​កំហឹង​ជា​ញឹកញាប់​របស់គាត់​។​

បណ្តាញសារព័ត៌មាន​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ប្រកាស​ពី​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​អង្គារ​ក្នុង​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា “​ការដកហូត​ខុសច្បាប់​នៃ​ប័ណ្ណ​ទាំងនេះ​គឺ​បាន​រំលោភ​លើ​សិទ្ធិ​វិសោធនកម្ម​ទីមួយ​នៃ​សេរីភាព​សារព័ត៌មាន​ប្រឆាំង CNN និង​លោក Acosta និង​សិទ្ធិ​វិសោធនកម្ម​ទី​៥​របស់​ពួកគេ​ដោយសារតែ​ដំណើរការ​នេះ​”​។​

ស្របពេល​ជាមួយគ្នា​នោះ ទូរទស្សន៍ CNN បានស្នើ​សុំ​ឲ្យ​មាន​បញ្ជា​បញ្ឈប់​ជា​បណ្តោះអាសន្ន​ដោយ​ព្រមាន​ថា ការផ្អាក​ប័ណ្ណ​របស់លោក Acosta អាច​កំណត់​អាទិភាព​សម្រាប់​ការវាយប្រហារ​នាពេល​អនាគត​លើ​សារព័ត៌មាន​ផ្សេងទៀត​។​

សេចក្តីថ្លែងការណ៍​បាន​និយាយថា “​ប្រសិនបើ​គ្មាន​ការតស៊ូ​ជំទាស់​ទេនោះ សកម្មភាព​របស់​សេត​វិមាន​នឹង​បង្កើត​ឲ្យ​មាន​ផលប៉ះពាល់​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ចំពោះ​អ្នកកាសែត​នានា​ដែល​ផ្សាយ​ពី​មន្ត្រី​ជាប់ឆ្នោត​របស់​យើង​”​។​

ចៅក្រម​សង្កាត់​អាមេរិក​លោក Timothy Kelly បាន​បញ្ជា​ឲ្យ​រដ្ឋបាល​លោក Trump ឆ្លើយតប​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ពុធ​និង​រៀបចំ​សវនាការ​នៅ​ម៉ោង​៣:៣០​រសៀល​។​

គួរ​រម្លឹក​ឡើងវិញ​ថា សេត​វិមាន​បាន​ហាមឃាត់​ការចូល​យក​ព័ត៌មាន​របស់លោក Acosta បន្ទាប់ពី​គាត់​មាន​ជម្លោះ​នៅក្នុង​សន្និសីទកាសែត​មួយ​ជាមួយ​លោក​ប្រធានាធិបតី​ដែល​បានទាមទារ​ឲ្យ​គេ​ដក​មេក្រូ​ចេញពី​អ្នកយកព័ត៌មាន​រូបនេះ​និង​បាន​ហៅ​គាត់​ថា​ជា​មនុស្ស​ឈ្លើយ​និង​គួរ​ឲ្យ​ខ្លាច​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu