ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចឃុំខ្លួនបុរស ស្ត្រី៤នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីសម្រាប់ពពោះជំនួស។
លោក លី សុផាណា អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្រោយពីពិនិត្យ និងចាត់ការសំណុំរឿងចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើជនសង្ស័យចំនួន១៤នាក់ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ តាមមាត្រា១៦ នៃច្បាប់ស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទចំនួន៤នាក់ដែលតុលាការឃុំខ្លួនមាន ១.ឈ្មោះ ចេង សំអុល ភេទប្រុស ,២.ឈ្មោះអៀង ម៉ាន់ ភេទប្រុស, ៣.ឈ្មោះ សុខ ឃឿន ភេទស្រី,និង៤.ឈ្មោះ ខៀវ វណ្ណា ភេទស្រី ត្រូវបានចោទពីបទ សមគំនិតក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការី រវាងអ្នកសុំកូន និងស្ត្រីពពោះ តាមមាត្រា១៦ នៃច្បាប់ស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា២៩ និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ហើយក៏បានបញ្ជូនជនត្រូវចោទចំនួន១៥នាក់ និងសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យទាំង៤នាក់ខាងលើនេះ ត្រូវបានឃាតខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបជាក់ស្ដែង ករណីអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ នៅចំណុចទីតាំងចំនួន៣កន្លែង ក្នុងមូលដ្ឋានខណ្ឌសែនសុខ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាតខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះមានអ្នកមើលការខុសត្រូវ(មេការស្រី)ចំនួន២នាក់ អ្នករត់ម៉ូតូកង់បីប្រុសចំនួន២នាក់ ស្ត្រីមានផ្ទៃពោះចំនួន១១នាក់ និង៣នាក់ទៀតរត់គេចខ្លួន។
វត្ថុតាងដកហូតរួមមាន លិខិតឆ្លងដែនចំនួន១ក្បាល ឯកសារពេទ្យមួយចំនួន ស៊ីរុំាង និងថ្នាំពេទ្យ(ប្រើរួច និងមិនទាន់ប្រើ)មួយចំនួន និងម៉ូតូកង់បីចំនួន២គ្រឿង បច្ចុប្បន្នមនុស្សប្រុសស្រី៤នាក់កំពុងស្ថិតនៅសាលាដំបូងរាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមស្ត្រីដែលស៊ីឈ្នួលពពោះជំនួស មានម្នាក់ ត្រូវទារកស្លាប់ក្នុងផ្ទៃ កំពុងសង្គ្រោះបន្ទាន់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments