Ad Code

រដ្ឋមន្ត្រី​កសិកម្ម នឹង ប្រធាន​ក្រុមការងារ​បេសកកម្ម​លើក​ទី​៣ របស់​ធនាគារពិភពលោក ជួប ពិភាក្សា ស្តីពី​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច



ភ្នំពេញ​ ៖ លោក វេ​ង សាខុន និង​រដ្ឋមន្ត្រី ក្រសួងកសិកម្ម បាន​ជួប​ពិភាក្សា​ការ​ងារ ជាមួយ លោកស្រី ចំរើន មុទិតា ប្រធាន​ក្រុមការងារ​បេសកកម្ម​លើក​ទី​៣ របស់​ធនាគារពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ស្តីពី​សកម្មភាព​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ច ជំហាន​២ (LASED II)​។ ជំ​នួ​បនេះ ធ្វើឡើង​នៅក្នុង​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​១៤​នេះ​

​នា​ឱកាស​នេះ លោកស្រី ចំរើន មុទិតា បាន​ឲ្យ​ដឹង​ថា ​ក្រុម​បេសកកម្ម​លើក​ទី​៣ របស់​ធនាគារពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បំពេញ​ទស្សនកិច្ច ចាប់ពី​ថ្ងៃទី​៣០ ខែតុលា រហូត​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ពិនិត្យមើល​លទ្ធភាព​នៃ​ការធ្វើ​ការអង្កេត​ទិន្នន័យ​មូលដ្ឋាន និង​រៀបចំ​ការវាយតម្លៃ​ពាក់​កណ្តាល​អាណត្តិ​នៃ​គម្រោង ការ​ជ្រើសរើស​មុខសញ្ញា​ទទួល​ដី​សម្បទាន​សង្គមកិច្ច និង​ពិនិត្យ​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ដែល​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​ក​ន្ល​ង​មក​។



​យោងតាម​ការពិនិត្យ​ទិដ្ឋភាព​ជាក់ស្ដែង លោកស្រី​បាន​បញ្ជាក់​ថា គម្រោង​នេះ​បាននឹងកំពុង​អនុវត្ត​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​ប្រាក់ចំណូល​និង​ជីវភាព​គ្រួសារ​របស់​សម្បទានិក​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ជា​មួយគ្នានេះ​ផងដែរ លោកស្រី​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​ដែល​បាន និង​បន្ត​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ក្នុងការ​អនុវត្ត​គម្រោង​នេះ​។

ជា​កិច្ច​ស្វាគមន៍ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ធនាគារពិភពលោក​ដែល​បាន​និង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​សាទរ​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​នានា​ដែល​គម្រោង​សម្រេចបាន ដោយ​សមិទ្ធផល​នេះ​ហើយ​បាន​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​ប្រជាជន​នៅ​ជនបទ និង​បាន​កាត់បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដើម្បី​ឲ្យ​គម្រោង​នេះ​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ និង​មាន​និរន្តរភាព លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ធនាគារពិភពលោក​ពិនិត្យ ពិចារណា​លើ​ការសិក្សា និង​វាយតម្លៃ​ស្ថានភាព​និង​គុណភាព​នៃ​ដី​ឲ្យ​បាន​ស៊ីជម្រៅ ក៏ដូចជា​ការ​ធ្វើ​កំណត់​តំបន់​ដាំ​ដុះ ដើម្បី​ធានា​បាន​នូវ​ផលិតភាព​ផលិតកម្ម​កសិកម្ម​របស់​សម្បទា​និក​។ ចំពោះ​ដី​ដែល​មិន​មាន​ភាព​អំណោយផល​ក្នុង​ការ​ដាំដុះ​ដំណាំ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​ពិនិត្យមើល​ពី​លទ្ធភាព​ក្នុង​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ការ​ផ្តល់​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស ពូជ​សត្វ​ដែល​មាន​តម្លៃ និង​សក្តានុពល​ខ្ពស់​ជូន​សម្បទានិក​ដើម្បី​ចិញ្ចឹម​។ ជា​ការ​ឆ្លើយតប លោកស្រី​បាន​សន្យា​ថា​នឹង​យក​អនុសាសន៍​ដែល​លោក រដ្ឋមន្ត្រី​បាន​ផ្តល់ ហើយ​ពិនិត្យ​ឲ្យ​អស់​លទ្ធភាព ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​ជីវភាព​គ្រួសារ​របស់​សម្បទា​និក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu