ភ្នំពេញ ៖ អង្គការសហប្រជាជាតិ ដែលមានទីតាំងព្រះរាជាណាចក្រកម្ពុជា (UN) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅប្រទេសម៉ាលី ដែលបណ្តាលឲ្យពលរដ្ឋកម្ពុជាចំនួន៤នាក់រងបួសធ្ងន់ និងស្រាល នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យ UN កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យ UN ប្រចាំកម្ពុជាបានលើកឡើងយ៉ាងនេះថា អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសកម្ពុជា មានការសោកស្តាយ ដែលបានដឹងអំពីការវាយប្រហារដោយគ្រាប់បែកនៅតាមរថយន្ត ដោយក្រុមប្រដាប់អាវុធ នៅឯទីតាំងរបស់អង្គការសហប្រជាជាតិមួយនៅភាគឥសាន្ត នៃទីក្រុងហ្គៅ (Gao city) ក្នុងប្រទេសម៉ាលី។ ក្នុងចំណោមអ្នកដែលរងរបួសក្នុងការវាយប្រហារនេះ គឺមានជនស៊ីវិលកម្ពុជា៤នាក់។
អង្គការសហប្រជាជាតិនៅកម្ពុជា មានការអាណិតអាសូរយ៉ាងខ្លាំងចំពោះគ្រួសាររបស់ជនស៊ីវិល ដែលរងរបួសទាំងនោះ ហើយក៏បានអំពាវនាវឲ្យមានការជួយសង្គ្រោះជាបន្ទាន់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបម្រើការនៅក្នុងអង្គការសហប្រជាជាតិ យ៉ាងតិចចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលក្រោយមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបង្កឡើងដោយក្រុមភេរវករនៅប្រទេសម៉ាលី។ ហេតុការណ៍នោះបានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា)។
ពលរដ្ឋខ្មែរ ដែលរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ រួមមាន ទី១. លោក ភិន សារ៉ាន់ ជាអតីតបុគ្គលិកបម្រើការ CMAC ដែលបានចាប់ផ្តើមចូលបម្រើការជាអ្នកបកប្រែភាសាជាមួយ UNMAS ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ រងរបួសធ្ងន់ បាក់ឆ្អឹងជំនី និងរបួសក្បាល ទី២. លោក ហ៊ុល សុខហេង ជាអតីតបុគ្គលិកបម្រើការ CMAC រងរួបស្រាល ទី៣. លោក រៀម ឌី ជាអតីតនាយកប្រតិបត្តិការកម្ទេចគ្រាប់មិនទាន់ផ្ទុះក្នុងអង្គការ CMAC រងរបួសស្រាល ទី៤. លោក សំ រដ្ឋា ជាអតីតបុគ្គលិកអង្គការ Hello TRUST រងរបួសស្រាល៕
Source: Kampuchea Thmey Daily
0 Comments