«ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាប់ជម្រើសជាតិទេ» នេះជាសាររបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ក្រោយរូបគេត្រូវប្តូរចេញត្រឹមនាទី៤៦ ក្នុងប្រកួតជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា កាលពីពេលថ្មីៗ ក្នុងវគ្គជម្រុះពូល A នៃពានរង្វាន់ធំប្រចាំពានរង្វាន់ AFF Suzuki Cup 2018។
រូបគេជាម្ចាស់គ្រាប់បាល់ឲ្យជម្រើសជាតិខ្លួន ក្នុងប្រកួតដែលកម្ពុជា ចាញ់មីយ៉ាន់ម៉ា ៤ទល់១។ យ៉ាងណាក្តីប្រកួតដែលដឹកនាំដោយអ្នកចាត់ការជនជាតិជប៉ុនKeisuke Honda នេះបានសម្រេចចិត្តប្តូរ ចាន់ វឌ្ឍនាកា ចេញនៅដើមតង់ទី២ ដោយជំនួសកីឡាករ ឈិន ឈឿន វិញហើយតង់ទី២នេះជាពេលដែលកម្ពុជា របូតគ្រាប់បាល់រហូតដល់៤គ្រាប់។
ងាកមកមើលលោក Leornardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដែលទើបចុះកិច្ចសន្យាដឹកនាំក្លិបភ្នំពេញក្រោន បានលើកទឹកចិត្តកីឡាករ ចាន់ វឌ្ឍនាកាថា «ជូនចំពោះ ចាន់ វឌ្ឍនាកា។ ខ្ញុំសន្យាថា មិននិយាយអ្វីពីក្រុមជម្រើសជាតិកម្ពុជាទេ។
ខ្ញុំគ្រាន់តែចង់និយាយទៅកាន់ក្មេងប្រុសម្នាក់ដែលលេងតំណាងឲ្យប្រទេសរបស់អ្នក អស់ពីដួងចិត្តនិងការយកចិត្តទុកដាក់ដើម្បីអ្នកឲ្យប្រសើរឡើង។ ខ្ញុំដឹងពីអារម្មណ៍របស់អ្នក ប៉ុន្ដែខ្ញុំដឹងថា អ្នកមានភាពរឹងមាំហើយតើការលះបង់របស់អ្នកជាកីឡាករបាល់ទាត់យ៉ាងណា។ យើងបានរួមគ្នាកាលពីពេលកន្លងមកនៅក្នុងក្រុមជម្រើសជាតិហើយខ្ញុំដឹងពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះប្រទេសរបស់អ្នក។ ខ្ញុំអាចនិយាយបានថា ខ្ញុំជឿជាក់លើសក្តានុពលរបស់អ្នកហើយខ្ញុំចង់ប្រាប់សម្តីមួយឃ្លាពីMichael Jordanថា "ឧបសគ្គ មិនអាច បញ្ឈប់អ្នកបានទេ។ ប្រសិនបើអ្នកចង់ឆ្លងកាត់ជញ្ជាំង សូមកុំត្រលប់ក្រោយហើយបោះបង់។ បង្ហាញពីរបៀបដែលអាចឡើងវាឆ្លងកាត់វាឬធ្វើការនៅជុំវិញវា"។ ប្រកួតបន្ទាប់ខ្ញុំនឹងទៅគាំទ្រអ្នកនៅពហុកីឡដ្ឋាន ព្រោះខ្ញុំនៅតែគាំទ្រកីឡាករទាំងអស់របស់កម្ពុជា។ សំណាងល្អមិត្តណា។ សូមកុំបោះបង់ កុំបោះបង់ចោល»។
សូមបញ្ជាក់ថា នេះជាដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី២ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់របស់លោក Leonardo តែលើកនេះគឺប្លែកជាងលើកមុនដែលដឹកនាំក្រុមជម្រើសជាតិ តែលើកនេះដឹកនាំក្លិបម្តង។ បើងាកមើលលើប្រវត្តិដែលលោកធ្លាប់ដឹកនាំនាំក្រុមជម្រើសជាតិកម្ពុជា វិញគឺចន្លោះពីខែមីនា ដល់ចុងខែតុលា ឆ្នាំ២០១៧ មក លោក Leonardo ស្គាល់ជ័យជម្នះ១លើក ក្នុងចំណោម៧ប្រកួត ក្នុងនោះក្នុងនោះបានចាញ់ឥណ្ឌា ៣ទល់២ ហើយបន្តចាញ់ហ្សកដានី ៧ទល់០ ចាញ់ឥណ្ឌូណេស៊ី ២ទល់០ តែឈ្នះអាហ្វហ្គានីស្ថាន ១ទល់០ ចាញ់វៀតណាម ២ទល់១ ចាញ់ឥណ្ឌូណេស៊ី លើកទី២ លទ្ធផល ៣ទល់១ និងចុងក្រោយចាញ់វៀតណាម ៥ទល់០។ ក្នុងរជ្ជកាលរបស់លោក Leonardo ជាគ្រូបង្វឹក គឺលោកតែងតែដាក់កីឡាករ ចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធរហូត៕
Source: Kampuchea Thmey Daily
0 Comments