ខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិឡាវ Soukaphone Vongchiengkham ដែលគេហៅរហស្សនាមថាជា Messi របស់ប្រទេសឡាវ បានចេញអះអាងថា ក្រុមជម្រើសជាតិរបស់ខ្លួននៅសល់ឱកាសឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 បើទោះជាក្រុមនេះបានចាញ់២ប្រកួតជាប់ៗគ្នាក្នុងវគ្គជម្រុះតាមពូលហើយក៏ដោយ។
កីឡាករដែលប្រកបអាជីពនៅក្លិប Sisaket FC នៅប្រទេសថៃ នេះបានបញ្ជាក់ថា « យើងនៅសល់២ប្រកួតទៀតក្នុងដៃ។ ដូច្នេះគោលដៅរបស់យើងគឺច្បាស់ណាស់ យើងចង់បាន៦ពិន្ទុដើម្បីប្រាកដថា យើងបានជាប់ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយយើងជឿជាក់ថា នៅតែអាចទៅរួច»។ ការលើកឡើងរបស់គេ គឺធ្វើឡើងក្រោយក្រុមជម្រើសជាតិខ្លួនចាញ់ម៉ាឡេស៊ី ៣ទល់១ កាលពីដើមសប្ដាហ៍កន្លងទៅ។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានបន្តថា « ពួកយើងមានគោលបំណងពង្រឹងទម្រង់លេងឲ្យល្អគ្រប់ៗប្រកួត ហើយយើងបានធ្វើចាប់តាំងពីប្រកួតទី១មកដល់ប្រកួតនេះហើយ ពេលនេះយើងត្រូវតែពង្រឹងបន្តទៀត។ ពួកយើងធ្វើការធ្ងន់ប៉ុន្តែយើងចាញ់ដោយសារម៉ាឡេស៊ី ជាក្រុមខ្លាំងពេកហើយពេលដែលយើងបាត់បាល់ពួកគេមានឱកាស។ ប៉ុន្តែខ្ញុំជឿជាក់ថា យើងនឹងពង្រឹងនៅប្រកួតក្រោយ។ ម៉ាឡេស៊ីមានកីឡាករអាជីពច្រើនប៉ុន្តែឡាវមិនសូវមានច្រើននោះទេ ប៉ុន្តែការប្រកួតក្រោយៗយើងនឹងធ្វើបានល្អ ខ្ញុំជឿជាក់អញ្ចឹង»។
ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ តាមគម្រោងការប្រកួតនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ទាំងមូលនេះនៅកម្ពុជា គឺទទួលសិទ្ធិផ្សាយផ្ទាល់ដោយប៉ុស្តិ៍ BTV News ផងដែរ។
ដោយឡែកក្រុមជម្រើសជាតិឡាវវិញកំពុងតែឈរនៅបាតតារាងពូលA ក្រោយប្រកួតបាន២លើកគឺចាញ់ទាំង២លើក ពោលគឺដំបូងបានចាញ់ក្រុមវៀតណាម ៣ទល់០ លើទឹកដីរដ្ឋធានីវៀងច័ន្ទន៍ របស់ខ្លួនហើយបន្តចាញ់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ៣ទល់១ ទៀតក្នុងទីក្រុងកូឡាឡំពួរ។ សម្រាប់ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិឡាវ នឹងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីប្រកួតវគ្គជម្រុះតាមពូលជាបន្តដោយប៉ះម្ចាស់ផ្ទះកម្ពុជា នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments