ឧត្តមសេនីយ៍អាមេរិកម្នាក់បាននិយាយកាលពីថ្ងចន្ទថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកលែងធ្វើការហោះហើរលើប្រទេសកូរ៉េខាងត្បូងទៀតហើយបន្ទាប់ពីទីក្រុងសេអ៊ូលបានស្នើសុំឲ្យបេសកកម្មបែបនេះត្រូវផ្អាក។
លោកឧត្តមសេនីយ៍ Charles Brown ដែលជាប្រធានកងកម្លាំងអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានប្រាប់ក្រុមអ្នកយកព័ត៌មានរបស់មន្ទីរបញ្ចកោណថា ការសម្រាកនេះគឺដើម្បីជួយបង្កើតចន្លោះសម្រាប់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្តដើម្បីដោះស្រាយសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Brown បាននិយាយថា “នៅពេលយើងឆ្លងកាត់ទិដ្ឋភាពការទូត យើងមិនចង់ធ្វើអ្វីមួយដែលនឹងធ្វើឲ្យរាំងស្ទះដល់ការចរចាការទូតនោះទេ។ ដូច្នេះ នោះគឺជាផ្នែកមួយនៃមូលហេតុដែលយើងមិនធ្វើការហោះហើរលើប្រទេសកូរ៉េ”។
ជាផ្នែកមួយនៃអ្វីដែលគេហៅថា “Continuous Bomber Presence Mission”, កងកម្លាំងទ័ពអាកាសអាមេរិកបានរក្សាទុកយន្តហោះ B-1B, B-52 និង B-2 នៅលើទឹកដី Guam របស់អាមេរិកចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ។
ជាទូទៅ វាបានហោះហើរឆ្លងកាត់តំបន់នេះដែលជារឿយៗជាមួយដៃគូនានារួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលីផងដែរដែលជាមធ្យោបាយហ្វឹកហ្វឺននិងបង្ហាញវត្តមានយោធាដ៏រឹងមាំប្រឆាំងនឹងប្រទេសកូរ៉េខាងជើងនិងសត្រូវផ្សេងៗទៀត។
លោក Brown បាននិយាយថា បើទោះបីជាលែងហោះហើរលើឧបទ្វីបកូរ៉េក៏ដោយ ចំនួនសរុបនៃជើងហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកគឺមិនមានការប្រែប្រួលទេ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានកាត់បន្ថយឬលុបចោលសមយុទ្ធយោធារួមគ្នាជាច្រើនចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននិងលោកប្រធានាធិបតីដូណាល់ត្រាំនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា។
នៅឯកិច្ចប្រជុំនោះ លោកត្រាំបានប្រកាសថា សហរដ្ឋអាមេរិកនឹងឈប់ធ្វើលំហាត់សមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូងទៀតហើយដោយហៅពួកគេថាមានតម្លៃថ្លៃនិងបង្កហេតុ៕ AFP
Source: Kampuchea Thmey Daily
0 Comments