ភ្នំពេញ ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជានៅទីស្ដីការក្រសួង ដោយផ្ដោតសំខាន់លើវឌ្ឍនភាព នៃការវិនិយោគសម្រាប់អភិវឌ្ឍន៍ការដាំដំណាំកៅស៊ូរបស់បណ្ដាក្រុមហ៊ុនជាសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម វីអ៊ជី (VRG) ប្រចាំកម្ពុជា។
ថ្លែងក្រោយជំនួបពិភាក្សាការងារនោះ លោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់បណ្ដាញអ្នកសារព័ត៌មានថា ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រី លោក ទ្រុង ម៉ីងត្រាំង(TRUONG MINH TRUNG) អគ្គនាយករង វីអ៊ជី គឺចង់ស្វែងយល់អំពីការរៀបចំថ្មី និងការអនុវត្តច្បាប់ការងារ ទាក់ទងកម្មករធ្វើការនៅចម្ការកៅស៊ូ ដោយសារកន្លងមកកម្ពុជាមានការប្រែប្រួលខ្លះនៅក្នុងច្បាប់។
ឯកឧត្ដមបន្តថា ទោះបីជាច្បាប់ការងារបានប្រែប្រួលខ្លះនៅកម្ពុជា ប៉ុន្តែបានអនុលោមលើភាពជាក់ស្តែងពេលបច្ចុប្បន្ន ដែលធ្វើយ៉ាងម៉េចឲ្យកម្មករទទួលបានផលប្រយោជន៍ និងការការពារ ក៏ដូចជាការថែទាំកាន់តែខ្ពស់ ដូច្នេះភាគីវៀតណាមក៏មានការចាប់អារម្មណ៍លើចំណុចទាំងអស់នោះ និងមិនមានបញ្ហាអ្វីផងដែរ ដោយសារកម្ពុជាមានការប្រកាស និងសេចក្ដីណែនាំយ៉ាងត្រឹមត្រូវ។
លោកបានលើកឡើងទៀតថា ក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រីបានពន្យល់ដល់គណៈប្រតិភូអំពីទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្តិចាំបាច់មួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្ម និងលក្ខខណ្ឌការងារស្របតាមច្បាប់ស្ដីពីការងារកម្ពុជា។
កាលពីឆ្នាំ២០០៩កន្លងទៅ កម្ពុជា-វៀតណាម បានចុះអនុស្សរណៈ នៃការយោគយល់ស្ដីពីការវិនិយោគដាំដំណាំកៅស៊ូលើផ្ទៃដី១០ម៉ឺនហិកតានៅកម្ពុជា ដែលគម្រោងនេះត្រូវបានប្រគល់សិទ្ធិឲ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម។
ក្នុងនោះ គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០១៨ ផ្ទៃដីចៀរជ័រកៅស៊ូបានកើនឡើងជាង៣ម៉ឺនហិកតា និងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកសរុបប្រមាណជាង១៥.០០០នាក់ ហើយនៅឆ្នាំ២០២២ ផ្ទៃដីចៀរជ័រនឹងគ្របដណ្ដប់លើផ្ទៃដីទាំងអស់ចំនួន៩៣.០០០ហិកតា និងមានការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកបន្ថែមទៀតរហូតដល់ប្រមាណជាង៤ម៉ឺននាក់៕
Source: Kampuchea Thmey Daily
0 Comments