ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេដោយមានសភាពហើមស្អុយទៅហើយ បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នៅមាត់ទន្លេក្រោយសណ្ឋាគារកាំបូឌីយ៉ាណា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា គឺពួកគាត់បាននាំគ្នាដើរលេងតាមមាត់ទន្លេ លុះពេលដើរមកដល់ចំណុចក្រោយសណ្ឋាគារកាំបូតឌីយ៉ាណា ក៏ប្រទះឃើញសាកសពមិនដឹងអណ្ដែតមកពីណាទេ បានជាមកទើរនៅមាត់ច្រាំងទន្លេក្រោយសណ្ឋាគារបែបនេះ។
ភ្លាមៗនោះ ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ចតុមុខខណ្ឌដូនពេញឲ្យមកចុះពិនិត្យមើលផងដែរ។ ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ចុះមកដល់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលបច្ចេកទេសកោសល្យវិច័យក្រុងឲ្យចុះមកពិនិត្យ។
បន្ទាប់ពិនិត្យហើយ ខាងនគរបាលបច្ចេកទេសកោសល្យវិច័យក្រុងបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
នៅក្នុងខ្លួនសាកសព សមត្ថកិច្ចរកឃើញអត្តសញ្ញាណប័ណ្ណមួយសន្លឹក និងកាតគ្រីម៉ូតូដែលមានឈ្មោះ ឃ្លោក រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៤ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្វែងរកក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments