ភ្នំពេញ ៖ ជនសង្ស័យប្រុស/ស្រី៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនភ្លាមៗបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ខណៈទៅរកស្រីបម្រើផ្លូវដែលពពាក់ពពូននៅម្ដុំវត្តភ្នំបានសម្រេចហើយនាំគ្នារត់គេចខ្លួនមិនបានប៉ុន្មានម៉ោងក្រោយ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ទាំងអស់គ្នាតែម្ដង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលខាងជើងរមណីយដ្ឋានវត្តភ្នំ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នោះឈ្មោះ សុន ធីវីរ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំភីហ្សា មានទីលំនៅផ្ទះភូមិបុតយា សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងទៅរកស្ត្រីដើម្បីយកទៅបម្រើផ្លូវភេទ ហើយក៏បានជួបជនសង្ស័យឈ្មោះ ហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ និងបាននិយាយទំនាក់ទំនងសុំលេខទូរស័ព្ទពីជនសង្ស័យ ភ្លាមនោះជនរងគ្រោះបានហុចទូរស័ព្ទដៃឲ្យកត់លេខ បន្ទាប់ពីជនសង្ស័យបានទូរស័ព្ទដៃម៉ាកអាយហ្វូន៨ ពណ៌ខ្មៅ របស់ជនរងគ្រោះហើយ ក៏បានរត់ឡើងម៉ូតូបក្ខពួកដែលនៅក្បែរនោះដើម្បីគេចខ្លួន តែខណៈនោះជនរងគ្រោះបានដេញដណ្ដើមយកទូរស័ព្ទដៃមកវិញ តែត្រូវក្រុមជនសង្ស័យឈ្មោះ ជ័យ សាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ រួមជាមួយបក្ខពួក០៣នាក់ទៀត បានស្ទុះវាយទៅលើជនរងគ្រោះនាំគ្នាគេចខ្លួន និងយកទូរស័ព្ទដៃរបស់ជនរងគ្រោះបាត់តែម្ដង។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងទៀតថា បន្ទាប់ពីកើតរឿងដូច្នេះហើយ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងហើយ កម្លាំងប៉ុស្តិ៍ និង ខណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយជនរងគ្រោះ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតដល់ព្រលឹម ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទើបឃាត់ខ្លួនជនសង្ស័យបានទាំងអស់ចំនួន៥នាក់ ដែលទី១.ឈ្មោះ ជ័យ សាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ(ស្ត្រីរកស៊ីផ្លូវភេទ) មានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ទី៣.ឈ្មោះ ស្លេះ យូសាធ ហៅញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ។ ទី៤.ឈ្មោះ មឿន ផាន់នី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៥.ឈ្មោះ ប្រុស គីមស្រៀង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ចំណែកវត្ថុតាងចាប់យកបានរួមមាន ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៨ ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)បានប្រគល់ឲ្យវិញហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments