ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោយពីអញ្ជើញទៅទស្សនកិច្ច និងចូលរួមការដាក់ឲ្យដេញថ្លៃ គម្រោងការពារទឹកជំនន់ និងការកែលំអ ប្រព័ន្ធប្រឡាយលូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បាននាំមកនូវផ្លែផ្លាយ៉ាងធំធេង ដោយគម្រោងនេះមានទំហំទឹកប្រាក់ ប្រមាណជា៣០លានដុល្លារអាមេរិក។
ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីគម្រោងជំនួយរបស់ប្រទេសជប៉ុនក្នុងជំហានទី៤នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទកាសែត មួយនៅសាលារាជធានីភ្នំពេញ។
ក្នុងសន្និសីទកាសែតនោះ លោក នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់តាំងឲ្យលោក និងលោក សាំ ពិសិដ្ឋ ដឹកនាំគណៈប្រតិភូមួយក្រុម ទៅចូលរួមនៅក្នុងគម្រោងការដេញថ្លៃ គម្រោងការពារទឹកជំនន់ និងការកែលំអប្រព័ន្ធប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤"។
ក្នុងដំណើរទស្សនកិច្ចនេះ លោក នួន ផារ័តុ្ន បានឲ្យដឹងថា គណៈប្រតិភូ ដែលបានអញ្ជើញ ទៅប្រទេសជប៉ុន បានសម្រេចការងារពីរសំខាន់ៗ គឺការដេញថ្លៃគម្រោង និងការជួបពិភាក្សា ការងារជាមួយមន្ត្រី ជាន់ខ្ពស់ របស់អង្គការ JAICA ។ គម្រោងនេះ គឺជាគម្រោងដែលយើងបន្ត ពីគម្រោងមុនៗ ប៉ុន្តែជាគម្រោង ជំនួយឥតសំណង (Great A) យើងមិនមានជាប់ជាបំណុល និងជាកាតព្វកិច្ចអ្វី ដែលត្រូវសងអ្វីទៅភាគីមិត្តជប៉ុន នោះវិញទេ។
លោកក៏បានពន្យល់ ពីមូលហេតុ ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដេញថ្លៃគម្រោងនេះ នៅទីក្រុងតុក្យូ ក្នុងនាមខ្លួនជាម្ចាស់គម្រោង ក៏ព្រោះជាគោលនយោបាយរបស់ជប៉ុន ដែលតម្រូវឲ្យធ្វើការសហការជាមួយក្រុមហ៊ុន គង់ស្យ៊ូតង់មួយរបស់ជប៉ុន ដែលក្រុមហ៊ុននេះ គឺជាអ្នករៀបចំដំណើរការសហការ ជាមួយរាជធានីភ្នំពេញនេះ តាំងពីដើមរហូតដល់ចប់។
ដូច្នេះអ្វីៗទាំងអស់នេះ ត្រូវធ្វើឡើងជាមួយជំនាញការរបស់ក្រុមហ៊ុន គង់ស្យ៊ូតង់ និងត្រូវធ្វើឡើង ក្រោមការរៀបចំដោយក្រុមហ៊ុន គង់ស្យ៊ូតង់ ដែលរៀបចំនៅទីក្រុងតុក្យូ ក្រោមការចូលរួម ពីក្រុមហ៊ុនជប៉ុនជាច្រើន។
លោកអភិបាលរងរាជធានីភ្នំពេញបានបន្ថែមថា "ការដេញថ្លៃលើគម្រោង ការពារទឹកជំនន់ និងការការកែលំអប្រព័ន្ធប្រឡាយលូ ជំហានទី៤ គម្រោងទាំងពីរនេះ មានតម្លៃស្មើនឹងទឹកប្រាក់៣០លានដុល្លារអាមេរិក" ។
ក្រោយពីការដេញថ្លៃ លោកបានជួបប្រជុំជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់អង្គការចៃកា (JAICA) ដោយបានពិភាក្សា បញ្ហាដែលនៅសេសសល់ ស្ថិតក្នុងក្របខ័ណ្ឌ ការអនុវត្ត គម្រោងបច្ចុប្បន្ន ដែលរួមទាំងគម្រោង កែលំអប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ រួមទាំងផលប៉ះពាល់ ដែលអាចកើតចេញ ពីការអនុវត្តគម្រោងការការពារទឹកជំនន់ និងការកែលំអប្រព័ន្ធប្រឡាយលូ ជំហានទី៤នេះ ដែលនូវមានផលប៉ះពាល់ខ្លះ ដែលយើងត្រូវធ្វើការពិភាក្សា និងប្រាប់ទៅកាន់ភាគី JAICA វិញ ដើម្បីរកដំណោះស្រាយ ដែលអាចទទួលយកបាន។
លោកបន្តថា "យើងធ្វើការពិភាក្សាបន្តទៅមុខទៀត អាចដល់ជំហានទី៥ ដោយយើងធ្វើការសិក្សា អំពីតំបន់ជុំវិញប្រលានយន្តហោះពោធិចិនតុង ដែលអាចនឹងរងការគំរាមកំហែង ពីការជនលិច ដោយជំនន់ទឹកភ្លៀង ដែលយើងត្រូវតែសិក្សា ធ្វើយ៉ាងម៉េច ដោះស្រាយឲ្យបានលើគម្រោង២សំខាន់ៗ រួមមាន កិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស លើការងារគ្រប់គ្រង ប្រព័ន្ធទឹកកង្វក់ និងការកែលំអ និងការគ្រប់គ្រង នូវប្រព័ន្ធចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលភាគី JAICA បានអនុម័តរួចរាល់ហើយ នៅចាំតែសម្រេចថា នឹងចាប់ផ្ដើមនៅពេលណាប៉ុណ្ណោះ។
លោក នួន ផារ័ត្ន បានក៏បានបន្តទៀតថា "យើងបានសំណូមពរ និងជំរុញឲ្យជប៉ុនគាំទ្រនូវគម្រោងមួយ ដែលជាគម្រោងសំខាន់ផងដែរ សម្រាប់ក្របខ័ណ្ឌ ក្នុងរាជធានីរបស់យើង គឺការបង្កើតនូវស្ថានីយ ប្រព្រឹត្តិកម្មទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងប៉ែកខាងត្បូង ដែលគម្រោងនេះ គឺស្ថិតក្នុងការសិក្សា មូលដ្ឋាន ដែលយើងនឹងត្រូវបញ្ចប់នៅចុងខែ៤។
នៅពេលបញ្ចប់ការសិក្សានេះ យើងនឹងមានមូលដ្ឋានគ្រឹះ ក្នុងការស្នើសុំឲ្យភាគីជប៉ុន ជួយនៅក្នុងការសាងសង់ ស្ថានីយ ប្រព្រឹត្តិកម្មទឹកកង្វក់នេះ ពីព្រោះថា បើយើងមិនប្រឹងប្រែង លើការងារប្រព្រឹត្តិកម្មទឹកកង្វក់នេះទេ បរិស្ថានរបស់យើង អាចនឹងរង់ការគំរាមកំហែង ជាពិសេសគឺទន្លេយើងនេះឯង។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងការកែលំអ ប្រព័ន្ធប្រឡាយលូ ជំហានទី៤ក្នុងរាជធានីភ្នំពេញ ដែលត្រូវអនុវត្ត រួមមាន ៖ ១-ដាក់បណ្ដាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្ដាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង៤.៤គីឡូម៉ែត្រ។
៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ៤-ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងទី៥-ផ្ដល់រថយន្តបូមទឹកចល័ត ចំនួន២គ្រឿងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments