Ad Code

សម្ដេច​ប្រធានរដ្ឋសភា​ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិភាក្សា​លើ​របៀបវារៈ​ចំនួន៤



ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨និង​៣០​នាទី គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​។​

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​កិច្ចប្រជុំ​នេះ​ថា អង្គប្រជុំ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​តាមរបៀប​វារៈ​ចំនួន​៤ ក្នុង​ទី​១- អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្ដី ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ដល់​គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ធ្វើការ​ពិនិត្យ​និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។

ទី​២-​អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្ដី ព្រាង​ច្បាប់​ស្ដីពី ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ដល់​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​ នៃ​រដ្ឋសភា ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ ទី​៣- អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្ដីពី​បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោស​នាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ និង​ទី​៤-​អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្ដី ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្ដីពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល ជូន​ដល់​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​ នៃ​រដ្ឋសភា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu