ក្រុមហ៊ុនភេសជ្ជៈហ្សូរ៉ាស់ កម្ពុជា បានសហការជាមួយស្ថានីយទូរទស្សន៍ CTN រៀបចំការប្រកួតប្រដាល់គុនខ្មែរមួយសង្វៀនទៀតគម្រប់ទី៦ នៅរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង០៨ព្រឹក រហូតដល់ម៉ោង១០និង៣០នាទី រៀងរាល់សប្ដាហ៍ ដោយមានផ្សាយផ្ទាល់ផងដែរ។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កម្មវិធីប្រដាល់ដែលចាប់ផ្ដើមពីថ្ងៃទី០៣វិច្ឆិកាខាងមុខទៅនេះ គឺប្រសិទ្ធនាមថា “ជើងឯកគុនខ្មែរ ហ្សូរ៉ាស់ “ដែលជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ តាមរូបមន្តបែបម៉ារ៉ាតុង ដើម្បីដណ្ដើមប្រាក់លាន។
លោក គង់ ចំរើនរដ្ឋា ប្រធានផ្នែកលក់ក្រុមហ៊ុនCBS ប្រចាំស្ថានីយទូរទស្សន៍CTN MYTV CNC បញ្ជាក់ឲ្យដឹងថា នេះជាទំព័រសករាជថ្មីមួយទៀតដែលស៊ីធីអិន បានចាប់ដៃគូគ្នាជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ និងបង្កើតឲ្យមានកម្មវិធីប្រកួតគុនខ្មែរនេះឡើង ដោយមានកីឡាករគុនខ្មែរកម្ពុជា២រូប ត្រូវតតាំងជាមួយកីឡាករបរទេស២រូប មុននឹងរើសយកអ្នកឈ្នះទៅប្រកួតដណ្ដើមប្រាក់លាន នៅចុងកម្មវិធី។
លោកបានបញ្ជាក់ទៀតថា តាមរយៈកម្មវិធីមួយនេះ កីឡាករគុនខ្មែររបស់កម្ពុជា នឹងកាន់តែមានឱកាសកសាងសមត្ថភាព និងបទពិសោធន៍បន្ថែមទៀតនៅក្នុងអាជីពរបស់ខ្លួន។
កម្មវិធីប្រដាល់ “ ជើងឯកគុនខ្មែរ ហ្សូរ៉ាស់ ” នេះ គឺជាការរៀបចំឲ្យមានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ តាមរូបមន្តបែបម៉ារ៉ាតុង ដើម្បីដណ្ដើមប្រាក់លាន ប្រចាំសប្ដាហ៍ ដែលមានទឹកប្រាក់៤លានរៀល ឬ១.០០០ដុល្លារ និង ២លានរៀលឬ៥០០ដុល្លារ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករខ្មែរបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់ប្រចាំថ្ងៃផងដែរ។ កម្មវិធីប្រដាល់នេះ នឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី០៣វិច្ឆិកា តទៅ វេលាម៉ោង៨ព្រឹក។
បើតាមលោក គង់ ប៉ូ តំណាងក្រុមហ៊ុនភេសជ្ជៈហ្សូរ៉ាស់ កម្ពុជា និយាយថា ហ្សូរ៉ាស់កម្ពុជា រួមសហការជាមួយស្ថានីយទូរទស្សន៍ ctn ផលិតនូវកម្មវិធីប្រកួតកីឡាប្រដាល់ជើងឯកគុនខ្មែរ ហ្សូរ៉ាស់រដូវកាលទី១ ដើម្បីលើកស្ទួយនិងអភិរក្សវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ក៏ដូចជាមហាជនដែលស្នេហាវិស័យកីឡាប្រដាល់ផងដែរ។
កម្មវិធីប្រកួតកីឡាប្រដាល់ជើងឯកគុនខ្មែរហ្សូរ៉ាស់ ធ្វើឡើងដើម្បីទ្រទ្រង់ និងទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនទៅលើវិស័យកីឡាប្រដាល់គុនខ្មែរ។
លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះបានលើកស្ទួយជីវភាពកីឡាករបានយ៉ាងប្រសើរ ព្រោះអ្នកឈ្នះ នឹងទទួលបានភ្លាមៗចំនួន៤លានរៀល ឬ១.០០០ដុល្លារ ហើយអ្នកចាញ់ទទួលបាន២លានរៀល ឬ៥០០ដុល្លារ។
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនភេសជ្ជៈហ្សូរ៉ាស់ និងស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលបានផ្ដួចផ្ដើមបង្កើតឲ្យមានព្រឹត្តិការណ៍ប្រដាល់បន្តទៀតនេះ ពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ វាបានរួមចំណែកធ្វើឲ្យកម្ពុជារក្សា និងអភិរក្សក្បាច់គុនខ្មែរ ដែលជាសិល្បៈ មរតក វប្បធម៌ របស់បុព្វបុរស ដូនតា កាន់តែរស់រវើក និងផ្សព្វផ្សាយមិនត្រឹមតែក្នុងក្របខ័ណ្ឌជាតិប៉ុណ្ណោះទេ គឺថែមទាំងរួមចំណែកឲ្យពិភពលោកកាន់តែស្គាល់ និងដឹងថា ប្រដាល់ក្បាច់គុនបុរាណជារបស់ខ្មែរនោះ។
ជាមួយគ្នានេះដែរ ប្រធានសហព័ន្ធប្រដាល់ ក៏បានក្រើនរំលឹកដល់មន្ត្រីបច្ចេកទេស និងកីឡាករប្រដាល់គ្រប់ៗរូប ត្រូវតែរៀបចំខ្លួនឲ្យបានល្អជាងមុន។ បើជាមន្ត្រីបច្ចេកទេសត្រូវតែខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព ទាំងអាជ្ញាកណ្ដាល-ចៅក្រម ពិសេសក្នុងការផ្តល់ពិន្ទុ ត្រូវតែមានភាពត្រឹមត្រូវ សុចរិត ទៀងត្រង់ យុត្តិធម៌ មិនលំអៀង។
ចំពោះកីឡាករវិញ ត្រូវតែគោរពបទបញ្ជាការប្រកួត រក្សាសុខភាព ទម្ងន់ ធ្វើយ៉ាងណាឲ្យបានស័ក្ដិសមជាកីឡាករមានក្រមសីលធម៌ ល្អ ត្រឹមត្រូវ។
គួរបញ្ជាក់ថា មកដល់ពេលនេះ នៅស្ថានីយទូរទស្សន៍ CTN MYTV CNC មានកម្មវិធីប្រដាល់ចំនួន៦សង្វៀនហើយ ក្នុងនោះថ្ងៃសុក្រ១សង្វៀន ថ្ងៃសៅរ៍០៣សង្វៀន និងថ្ងៃអាទិត្យ០២សង្វៀន៕
Source: Kampuchea Thmey Daily
0 Comments