ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈពួកគេបានធ្វើសកម្មភាពយកខ្សែក្រវាត់ជាអាវុធវាយប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចរួចគេចខ្លួនបាន២ថ្ងៃ ទើបអស់លក្ខណ៍តែម្ដង។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យលួចមានស្ថានទម្ងន់ទោសនេះបានកើតឡើងកាលវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជួលក្រុមទី៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូ វណ្ណដេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខ៣៦៦B ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូដែលជនសង្ស័យយកទៅនោះម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១DE ២១៨២ របស់ជនរងគ្រោះខាងលើ។
ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ទាំង៣នាក់នោះ ទី១.ឈ្មោះ ឡើ វ៉ាហេត ហៅ រ៉ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះលេខ១២៧ ភូមិ២ សង្កាត់ច្រាំចំរេះ១ មុខរបរមិនពិតប្រាកដ។ ទី២.ឈ្មោះ ស៊ុយ វណ្ណសកិ្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកខ្មៅ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះ ហ្វី សូលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥស្លាម ទីលំនៅភូមិ២ សង្កាត់ច្រាំចំរេះ១ មុខរបរកម្មករ អ្នកទាំង៣មានសារធាតុញៀនក្នុងខ្លួន។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣និង០០នាទីទៀបភ្លឺ មានករណីវាយយកម៉ូតូដែលមានភិនភាគដូចខាងលើ ត្រង់ចំណុចក្រុម៤ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកលើកំណាត់ផ្លូវជាតិលេខ៥ ខណៈពេលដែលជនរងគ្រោះត្រឡប់មកពីជូនមិត្តភ័ក្ដិទៅផ្ទះ ហើយម៉ូតូបែកកង់ខាងក្រោយ ប៉ុន្តែជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងទេ រហូតដល់ម៉ោង១៧និង០០នាទីទើបមកដាក់ពាក្យបណ្ដឹង។
ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចបានសហការជាមួយជនរងគ្រោះ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើបានជាបន្តបន្ទាប់ និងដកហូតវត្ថុតាងរួមមាន ម៉ូតូបានចំនួន២គ្រឿង ម៉ាក MSX ពណ៌ក្រហមលាយខ្មៅ គ្មានស្លាក និងម៉ាកស៊ូរូស ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AM១១២៨។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments