ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅឡើយដោយសារផឹកស៊ីស្រវឹងជោកជាំបង្កជម្លោះធ្វើឲ្យភាគីម្ខាងទៀតបានប្រើកូនកាំបិតស្រួចចាក់សន្ធាប់មកលើគាត់បង្កឲ្យរបួសធ្ងន់រួចរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុនៅចំណុចការដ្ឋានសំណង់ស្ថិតក្នុងភូមិសំរោង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ ឈ្មោះ ឃុន វទ្ឋី អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់ ក្បែរចំណុចកើតហេតុ។
សាក្សីជាកម្មកររួមការងារជាមួយគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយបញ្ចប់ការងារពេលល្ងាចជនរងគ្រោះនិងជនបង្កឈ្មោះ ទិន អាយុ៤១ឆ្នាំ នាំគ្នាមកផឹកស៊ីនៅផ្ទះមិត្តរួមការងារឈ្មោះ សួន សារឿន មានគ្នាសរុបចំនួន៤នាក់ ផឹកស្រាអេឡិចហ្សង់វីស្គីអស់ចំនួន៦ដប។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយបញ្ចប់ការផឹកស៊ី នៅវេលាម៉ោង២២យប់ ជនរងគ្រោះនិងជនបង្កបានដើរចេញមកកន្លែងស្នាក់នៅការដ្ឋានសំណង់ ជនទាំង២នាក់ កាលពីពេលកំពុងផឹកបានបង្កទំនាស់ពាក្យសំដីគ្នាម្តងមកហើយ លុះពេលបញ្ចប់ការផឹកស៊ី ចេញមកវិញបានបង្កជម្លោះជាមួយគ្នាទៀតរហូត ប្រើអំពើហិង្សាដាក់គ្នា ដោយបានប្រើកាំបិតស្រួចចាក់មកលើ ជនរងគ្រោះ របួសយ៉ាងធ្ងន់ធ្ងរ រួចគេចខ្លួនបាត់ភ្លាមៗ។
ជនរងគ្រោះ ត្រូវបានមិត្តរួមការងារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានស្លាកស្នាមរបួសធ្ងន់ធ្ងរត្រង់ប្រអប់ដៃឆ្វេងនិងក្រោមឆ្អឹងដងកាំបិតខាងស្តាំ ឈាមហូរជោកខ្លួន៕
Source: Kampuchea Thmey Daily
0 Comments