ភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញលិខិតអបអរសាទរ ខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៨) ដែលត្រូវរៀបចំឡើងយ៉ាងគ្រឹកគ្រេង នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
នៅក្នុងលិខិតអបអរសាទរទិវាបុណ្យឯករាជ្យ ដែលលោក កឹម សុខា បានបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន បានថ្លែងអំណរគុណប្រកបដោយ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបុព្វបុរសខ្មែរ ដែលបានធ្វើបានពលីកម្ម ការលះបង់ និងការតស៊ូ ដើម្បីទាមទារនូវឯករាជ្យជាតិ ជូនជាតិមាតុភូមិ ហើយលោកយល់ថា ការទាមទារ និងថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួមរួបជាតិ និងមិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើយើងបែកបាក់គ្នា។
លោក កឹម សុខា សរសេរយ៉ាងនេះថា “ស្ថិតក្នុងឱកាសដ៏មហោឡារិក នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៥ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជាមួយបងប្អូនជនរួមជាតិខ្មែរទាំងអស់។ ខ្ញុំសូមសំដែងនូវអំណរគុណប្រកបដោយកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជួនចំពោះបុព្វបុរសខ្មែរ ដែលបានធ្វើពលិកម្ម ការលះបង់ និងការតស៊ូ ដើម្បីទាមទារនូវឯករាជ្យជាតិជូនជាតិមាតុភូមិ។ ខ្ញុំយល់ថា ការទាមទារ និងការថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួបរួមជាតិ។ ជាការពិតណាស់ មិនអាចមានឯករាជ្យជាតិពិតប្រាកដទេ បើយើងបែកបាក់គ្នា”។ ជាមួយគ្នានោះ លោក កឹម សុខា បញ្ជាក់ថា “ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ខ្ញុំសូមបួងសួងឲ្យស្មារតីឯករាជ្យជាតិពិតប្រាកដ ស្ថិតនៅជាប់ជានិច្ច ក្នុងបេះដូងខ្មែរគ្រប់រូប”។
គួររំលឹកថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។ ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួន ដែលរួមមានដូចជា មិនអនុញ្ញាតឲ្យចេញក្រៅពីព្រំប្រទល់នៃដែនដី ដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបុគ្គល ឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម៕
Source: Kampuchea Thmey Daily
0 Comments