សៀមរាប ៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានធ្វើការឃាត់ខ្លួន លោកជំទាវ លី អ៊ុំអេង បន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ក្នុងជំនួញដីធ្លី នៅខេត្តសៀមរាប។
ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
បើតាមដីកាតុលាការ មុនពេលចាប់ខ្លួន ចំពោះករណីនេះ គឺលោកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។
ដើមចមករណីនេះ គឺពេលកន្លងទៅ មានប្រជាពលរដ្ឋចំនួន៨គ្រួសារ បានចោទលោកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប។
ពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើការអំពាវនាវឲ្យ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់ពួកគាត់ផងដែរ។ ទោះបីជាយ៉ាងនេះក្តី គេសង្ឃឹមថា ការឃាត់ខ្លួននេះនឹងអាចមានភាពយុត្តិធម៌ទាំងសងខាង។
បច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តសៀមរាប កំពុងនាំខ្លួនលោកជំទាវ លី អ៊ុំអេង ទៅភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments