ភ្នំពេញ ៖ ប្រហោងលូអត់គម្របជាច្រើនកន្លែង នៅតាមបណ្ដោយផ្លូវ ទ្រុងមាន់ (ផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ទៅដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកបើកបរម៉ូតូតែម្ដង ប្រជាពលរដ្ឋបន្តសំណូមពរអាជ្ញាធរជួយពិនិត្យមើល។
ប្រជាពលរដ្ឋរស់នៅតំបន់នោះប្រាប់ឲ្យដឹងថា ផ្លូវទ្រុងមាន់ (ផ្លូវ៣០ម៉ែត្រ) ទោះជាអាជ្ញាធរបានស្ថាបនាយ៉ាងល្អស្អាត មានទាំងសួន ទ្រូងផ្លូវ រួចរាល់ហើយក្ដី ក៏ប៉ុន្តែ ក៏នៅមានប្រហោងលូអត់គម្របជាច្រើនកន្លែង ដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ទៅដល់អ្នកធ្វើដំណើរ ជាពិសេស អ្នកបើកបរម៉ូតូតែម្ដង ប៉ុន្តែរងរបួសស្រាលៗ។
ពលរដ្ឋប្រាប់បន្តថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងភាគច្រើន គឺនៅពេលយប់ និងពេលភ្លៀង ពីព្រោះនៅពេលមានភ្លៀងធ្លាក់មកម្តងៗ តែងតែទឹកលិចផ្លូវ ដូច្នេះអ្នកបើកបរម៉ូតូមិនដឹងថា មានប្រហោងលូនោះទេ ត្រង់នេះហើយ ដែលធ្វើឲ្យពួកគាត់ធ្លាក់លូ ដួលម៉ូតូជាញឹកញាប់ឲ្យតែមានភ្លៀង ។
ពលរដ្ឋប្រាប់ទៀតថា ប្រហោងលូដែលអត់គម្របជាច្រើនកន្លែងនៅតាមបណ្ដោយផ្លូវ ទ្រុងមាន់ (ផ្លូវ៣០ម៉ែត្រ) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ គឺពួកគាត់ឃើញរាប់ខែមកហើយ ប៉ុន្តែមិនដឹងប្រាប់ទៅនរណា ដូច្នេះមានតែសំណូមពរតាមរយៈសារព័ត៌មាន ដើម្បីឲ្យដឹងទៅដល់អាជ្ញាធរ សង្កាត់ ខណ្ឌ ជាពិសេសមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ ក្នុងការចុះមកធ្វើការត្រួតពិនិត្យ និងដោះស្រាយ ចៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ទៅដល់អ្នកធ្វើដំណើរបន្តទៀត ។
ដោយឡែក ពលរដ្ឋម្នាក់ទៀតប្រាប់ឲ្យដឹងថា លូដែលអត់គម្របនេះ មិនមែនគេធ្វើហើយអត់ដាក់គម្របនោះទេ តាមពិត គឺគម្របលូទាំងនោះ ត្រូវចោរគាស់យក ទើបឃើញអត់គម្របបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments