Ad Code

ពិធីបុណ្យ​ឯករាជ្យ​០៩​វិច្ឆិកា​ នៅ​វិមានឯករាជ្យ​ខេត្ត​តាកែវ​ មាន​ពលរដ្ឋ​ចូលរួម​ជាង​២០០០​នាក់​



តាកែវ ៖ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ លោកជំទាវ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ លោក​ឧត្ដមសេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត លោក​ឧត្ដមសេនីយ៍​ទោ សេក រស់ មេបញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​ឧត្ដមសេនីយ៍ ឡា ឡៃ មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក​ទាំង​១០ និង​មានការ​ចូលរួម​របស់​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២.០០០​នាក់ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ០៩​វិច្ឆិកា។​

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា ក៏បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជបូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​ឲ្យ​រួច​ចាក​ផុត​ពី​អាណានិគមនិយម​បារាំង​។

ឆ្នាំ​១៩៥៣ គឺជា​ឆ្នាំ​ដែល​ប្រជា​ជាតិខ្មែរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម ព្រះមហា​វីរក្សត្រ​ព្រះ​បរម​រតនៈ​កោដ្ឋ ទទួល​បាន​ជោគជ័យ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ផ្ទេរ​អំណាច និង​សមត្ថកិច្ច​ទាំងស្រុង​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​រដ្ឋបាល​ស៊ីវិល តុលាការ នគរបាល ទា​ហ៊ាន ការទូត នយោបាយ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​មក​ឲ្យ​ខ្មែរ​វិញ​។​

នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​នៅទីនេះ​ឯង ដែល​បារាំង​បានប្រគល់​ឯករាជ្យ​ទាំងស្រុង​មក​ឲ្យ​ខ្មែរ រួច​លាឈប់​មក​ទៀត​ដោយ​មិនបាន​ធ្វើ​ឲ្យ​ឈាម​ខ្មែរ និង​ឈាម​បារាំង​ហូរ​នោះ​ទេ​។

អ្វីដែល​សោកស្ដាយ​បំផុត​សម្រាប់​ជាតិខ្មែរ​ទាំងមូល ប៉ុន្តែ​មិន​អាច​គេច​ផុត​ពី​ច្បាប់ធម្មជាតិ​នោះ គឺ​ព្រះ​មហា​វីរក្ស​ត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​តស៊ូ​ទាមទារ ឯករាជ្យ​បាន​ពី​ប្រទេស បារាំង​នេះ បាន​យាង​ចូល​ទិវង្គត​ហើយ កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជា​មានិត​ចិន ហើយ​ព្រះ​បរម​សព របស់​ព្រះអង្គ​ត្រូវ​បាន​ដង្ហែ​មកដល់​ទឹកដី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។ មាន​ប្រជារាស្ត្រ​ខ្មែរ​រាប់​សែន​នាក់ បាន​រង់ចាំ​ទទួល​ព្រះ​បរម​សព ព្រះមហា​វីរក្សត្រ ហើយ​បាន​សម្ដែង​នូវ​សេចក្ដីសោកស្ដាយ​អាឡោះអាល័យ​គ្មាន​ទីបំផុត​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu