បាត់ដំបង ៖ ជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ច នៃកងរាជអាវុធហត្ថស្រុកបាណន់ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជនសង្ស័យទាំងអស់នេះកំពុងធ្វើសកម្មភាពច្រកថ្នាំដើម្បីចែកចាយ។
កិច្ចប្រតិបត្តិការរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខសាលាអនុវិទ្យាល័យឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីកម្លាំងបានទទួលព័ត៌មានពីកម្លាំង ក ស ដែលបានសង្កេតឃើញក្រុមនេះកំពុងធ្វើសកម្មភាពវេច ខ្ចប់ ថ្នាំញៀន ដែលពួកគេទាំងអស់គឺ ១.ធឿត វ៉ាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ របរគ្មាន រស់នៅភូមិ/ឃុំ ខាងលើ។ ២.ឈ្មោះ សៀក សៅលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបិតស្គុតម៉ូតូ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ៣.ឈ្មោះ ជួប សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់ និង ៤.ឈ្មោះ ម៉ៅ ស្រីប៉ោះ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរគ្មាន រស់នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់។
នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ទម្ងន់៤ ,៤៦ក្រាម ថង់ច្រកថ្នាំ១២ដុំ ដែកកេះ៦ កន្ត្រៃ១ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនថែមទៀត។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការឃាត់ខ្លួននៅអង្គភាពដើម្បីចាត់ការតាមនីតិវិធីទៅសាលាដំបូងខេត្តបាត់ដំបង៕
Source: Kampuchea Thmey Daily
0 Comments