មេដឹកនាំគណបក្សប្រឆាំងក្នុងរដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលីបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីគាត់បានជាប់ពាក់ព័ន្ធក្នុងជម្លោះ #MeToo នៅពេលអ្នកកាសែតស្រីម្នាក់បានចេញសេចក្តីថ្លែងការណ៍រៀបរាប់លម្អិតអំពីអាកប្បកិរិយាមិនសមរម្យ។
មេដឹកនាំគណបក្សពលករនៃរដ្ឋ New South Wales (NSW) លោក Luke Foley បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងដោយអ្នកកាសែត ABC ម្នាក់ប៉ុន្តែបាននិយាយថា លោកលាលែងពីតំណែងជាមេដឹកនាំគណបក្សក្នុងរយៈពេល៤ខែមុនការបោះឆ្នោតរដ្ឋមួយដែលលោកអាចនឹងទទួលបានជ័យជម្នះ។
លោក Foley បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា “ខ្ញុំមិនអាចប្រយុទ្ធដើម្បីលុបលាងកេរ្តិ៍ឈ្មោះរបស់ខ្ញុំនិងប្រយុទ្ធចំពោះការបោះឆ្នោតក្នុងពេលតែមួយបាននោះទេ។ ខ្ញុំមិនអាចធ្វើវាបានទាំងពីរឡើយ។ ដូច្នេះខ្ញុំនឹងលាលែងពីតំណែងនៅថ្ងៃនេះ”។
លោក Foley បាននិយាយថា លោកបានជួលមេធាវីហើយនឹងចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ដើម្បីប្តឹងពីបទបរិហារកេរ្តិ៍។ យ៉ាងណាក្តី គាត់បានបដិសេធឆ្លើយសំណួរណាមួយ។
កាលពីថ្ងៃព្រហស្បតិ៍ ABC បានចេញសេចក្តីថ្លែងការណ៍មួយពីអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតរបស់ខ្លួនដែលបានរៀបរាប់លម្អិតអំពីការប្រព្រឹត្តមិនសមរម្យដោយលោក Foley នៅឯពិធីបុណ្យណូអែលមួយក្នុងទីក្រុងស៊ីដនីកាលពីឆ្នាំ២០១៦ដែលក្នុងនោះនាងបាននិយាយថា នាងត្រូវបានគេបង្ខំឲ្យបង្ហាញជាសាធារណៈដោយសារបញ្ហានេះត្រូវបានលើកឡើងនៅក្នុងសភា។
ការចោទប្រកាន់អំពីការបៀតបៀននេះត្រូវបានលើកឡើងជាលើកដំបូងដោយរដ្ឋមន្ត្រីរដ្ឋាភិបាលមួយនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី១៨ខែតុលា។
អ្នកយកព័ត៌មាន Ashleigh Raper បាននិយាយនៅក្នុងសេចក្តីថ្លែងរបស់នាងថា នាងមិនដែលចង់បង្ហាញបញ្ហានេះជាសាធារណៈនោះទេ។
នាង Raper បាននិយាយថា នាងបានចេញសេចក្តីថ្លែងការណ៍នេះដោយសារតែនាងចង់ឲ្យការរំខានដល់ស្ត្រីត្រូវបញ្ឈប់ហើយឲ្យអ្នកនយោបាយត្រូវបញ្ឈប់ការប្រើប្រាស់ឧប្បត្តិហេតុបែបនេះដើម្បីទទួលការគាំទ្រផ្នែកនយោបាយ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments