ភ្នំពេញ ៖ តាមរយៈរបាយការណ៍ការស្រង់មតិរបស់ គម្រោង AfterAccess ថ្មីៗនេះ បានឲ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា ដែលមានអាយុចាប់ពី ១៥ ទៅ ៦៥ឆ្នាំ ចំនួន២៦% ទទួលរងការបំពានក្នុងទម្រង់ផ្សេងៗ តាមរយៈអនឡាញ។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិ AfterAccess នៅកម្ពុជា ដែលត្រូវបានចេញផ្សាយ ដោយអង្គការស្រាវជ្រាវ ពីបច្ចេកវិទ្យាព័ត៌មានក្នុងតំបន់ ដែលមានឈ្មោះថា LIRNEAsia នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល។
វាគ្មិនក្នុងកម្មវិធីនេះរួមមាន ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា (Kan Chanmetta) ជារដ្ឋលេខាធិការប្រៃសណីយ៍ និងទូរគមនាគមន៍, លោក Jonathan Yap ជាប្រធានផ្នែកគ្រប់គ្រង និងកិច្ចការសហការរបស់ក្រុមហ៊ុន Smart Axiata, លោក Javier Sola ជាប្រធានផ្នែក USAID ដែលផ្ដល់ជំនួយឲ្យ SPICE នៅកម្ពុជា រួមជាមួយនឹង លោក Channe Suy Lan អ្នកដឹកនាំតំបន់នៅមន្ទីរពិសោធន៍ ច្នៃប្រឌិត InSTEDD នៃតំបន់អាស៊ីខាងត្បូង (iLab SEA)។
របាយការណ៍ដដែលនោះ បានបង្ហាញទៀតថា ការបំពានតាមអនឡាញ ត្រូវបានធ្វើឡើងទៅលើស្ត្រីច្រើនជាងបុរស ក្នុងចំនួន ២៩% ដែលមានអាយុពី១៥ ទៅ៦៥ឆ្នាំ បើប្រៀបធៀបទៅនឹងបុរស ដែលមានតែចំនួន ២៦% ប៉ុណ្ណោះ។ ការបំពានភាគច្រើនត្រូវបានធ្វើឡើង នៅពេលដែលពួកគាត់លេងបណ្ដាញសង្គម។
ការតាមដាន ដោយសំងាត់ នៅលើប្រព័ន្ធ អ៊ីនធឺណិត ឬ Cyberstalking វាគឺជាការបារម្ភមួយរបស់អ្នកដែលប្រើប្រាស់បណ្ដាញសង្គម ជាស្ត្រី នៅក្នុងប្រទេសកម្ពុជា។
«បើនិយាយពីភាពជា កម្មសិទ្ធិទូរស័ព្ទវិញ កម្ពុជាធ្វើបានល្អជាងប្រទេស ប៉ាគីស្ថាន និងឥណ្ឌាដែលប្រទេសទាំងនេះ មានភាពសម្បូរបែបជាងនៅកម្ពុជា» នេះគឺសម្ដីរបស់លោកស្រី ហេឡានី ហ្កាប៉ាយ៉ា (Helani Galpaya) ដែលជា អ្នកស្រាវជ្រាវនាំមុខគេ ផ្នែកស្រង់មតិនៅទ្វីបអាស៊ី និងជានាយកប្រតិបត្តិរបស់ LIRNEASIA ដែលជាស្ថាប័ន ផ្ដល់គោលនយោបាយ ក្នុងវិស័យ ICT ក្នុងតំបន់ និងការគិតគូរអំពីបទប្បញ្ញត្តិសកម្ម នៅទូទាំងអាស៊ីប៉ាស៊ីភិច។
«ប៉ុន្តែបើសិនជា យើងគិតពីការយកចិត្តទុកដាក់ មកលើវិស័យទូរគមនាគមន៍ ក្នុងរយៈពេលថ្មីៗកន្លងមក ព្រមជាមួយនឹងវិធានការយ៉ាងសកម្ម ដែលត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ចំពោះការដាក់គោលនយោបាយ ការបំពាននៅលើអ៊ីនធឺណិតទាំងនេះ មើលទៅអាចជា មូលហេតុ នៃការបារម្ភនេះ» លោកស្រីបន្ថែម។
របាយការណ៍នេះ បានឲ្យដឹងទៀតថា មានតែ១១ភាគរយ នៃចំនួនប្រជាជនអាយុពី ១៥ទៅ ៦៥ឆ្នាំទេ ដែលបាននិយាយថា ចាស៎ ឬបាទ ចំពោះសំណួរដែលសួរថា តើគាត់ស្គាល់ថាអ្វីទៅជាប្រព័ន្ធអ៊ីនធឺណិត ដោយមិនមានការពន្យល់ថា តើអ៊ីនធឺណិតជាអ្វីនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថានៅពេលគេសួរ តើពួកគាត់ប្រើប្រាស់ Facebook, Gmail, Whatsapp និង កម្មវិធីដែលប្រើដោយប្រព័ន្ធអ៊ីនធឺណិត? អ្នកឆ្លើយ៣៦ភាគរយ នៃចំនួនស្ថិតិដដែលបាននិយាយថា ពួកគាត់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។
«អ្វីដែលយើងបានកត់សំគាល់ដំបូងបង្អស់នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១២ គឺនៅពេលដែលអ្នកឆ្លើយសំនួរបានប្រាប់យើងថា ពួកគេប្រើប្រាស់បណ្ដាញសង្គម Facebook មិនមែនប្រព័ន្ធអ៊ីនធឺណិតទេ»។ នេះគឺជាសម្ដីរបស់អ្នកគ្រប់គ្រងការស្រាវជ្រាវជាន់ខ្ពស់ នៅ LIRNEASIA លោកស្រី អាយេស្សា ហ្សៃនូឌីន (Ayesha Zainudeen) រួចបន្តថា «ការស្រង់មតិរបស់ AfterAcess ត្រូវបានធ្វើឡើងបន្ថែមទៀតនៅពេលថ្មីៗនេះដែរ គឺនៅខែកញ្ញា និងតុលា ឆ្នាំ២០១៧។ ការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត ដែលខ្វះការយល់ដឹងនេះ បានបង្ហាញថា ទោះបីជាសព្វថ្ងៃនេះក៏ដោយ ប្រជាជនកម្ពុជាជាច្រើន ដែលមានអាយុចាប់ពី ១៥ ដល់ ៦៥ឆ្នាំ នៅតែមិនទាន់មានការយល់ដឹងគ្រប់គ្រាន់ថា តើអ្វីទៅជាប្រព័ន្ធអ៊ីនធឺណិតនោះទេ»។
នៅក្នុងរបាយការណ៍នោះ បានបញ្ជាក់ថា អ្នកដែលឆ្លើយសំណួរក្នុងការស្រង់មតិនេះ បានប្រាប់ឲ្យដឹងថា មូលហេតុសំខាន់ ដែលពួកគាត់មិនប្រើប្រាស់អ៊ីនធឺណិត ពីព្រោះគាត់មិនដឹងពីវិធីប្រើប្រាស់វា។
លោកស្រី Zainudeen បាននិយាយទៀតថា «វាច្បាស់ណាស់ថា ដើម្បីឲ្យមានប្រជាជនកម្ពុជា ប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើនទៀត យើងត្រូវបង្កើតការយល់ដឹងថា អ្វីទៅជាអ៊ីនធឺណិត ហើយតើត្រូវប្រើប្រាស់វាដោយរបៀបណា»។ ប៉ុន្តែវាមិនមានន័យថា ប្រជាជនកម្ពុជា មិនយល់ដឹងសោះនោះទេ។
អ្នកប្រើប្រាស់ទូរស័ព្ទនៅកម្ពុជា ដែលមានអាយុពី១៥ ទៅ ៦៥ឆ្នាំ ចំនួន៨៥ភាគរយ ប្រើប្រាស់កម្មវិធីអ្វីមួយ នៅក្នុងទូរស័ព្ទរបស់គាត់។ នេះគឺជាការប្រើប្រាស់កម្មវិធីទូរស័ព្ទ ដែលធ្វើឡើងច្រើនជាងគេ ក្នុងបណ្ដាប្រទេស នៅទ្វីបអាស៊ី និងអាហ្វ្រិក ដែលត្រូវបានស្រង់មតិ។
ម្យ៉ាងទៀត អ្នកប្រើប្រាស់បណ្ដាញសង្គម ចំនួន៥២ភាគរយ បានប្រាប់ថា ពួកគេ «តែងតែ» ស្វែងយល់ការពិតនៃអ្វីៗ ដែលគេចែករំលែក “share” នៅលើបណ្ដាញសង្គម។
ការរកឃើញនេះ គឺជាផ្នែកមួយរបស់ AfterAccess ដែលជាការខំប្រឹងប្រែង រហូតទទួលបានពានរង្វាន់អន្តរជាតិ ក្នុងការប្រមូលទិន្នន័យ នៃការប្រើប្រាស់ទូរស័ព្ទដៃ, ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមមនានា នៅក្នុងពិភពលោកភាគខាងត្បូង។
លោក Galpaya បាននិយាយទៀតថា «ព័ត៌មានដែលស្ដីពីការប្រើប្រាស់ទូរស័ព្ទដៃ និងប្រព័ន្ធអ៊ីនធឺណិត ជាព័ត៌មានដែលមិនមែនតំណាងឲ្យ ប្រជាជនទាំងមូលនោះទេ។ ដូច្នេះហើយ វាមិនគ្រប់គ្រាន់ឡើយ សម្រាប់រាជរដ្ឋាភិបាល និង អ្នកធ្វើការសម្រេចចិត្តដទៃទៀត។
មានតែវិធីតែមួយគត់ ដើម្បីស្វែងយល់ឲ្យច្បាស់ អំពីមូលដ្ឋាន គឺត្រូវនិយាយផ្ទាល់ជាមួយអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់តែម្ដង។ នេះគឺជារបៀបស្រង់មតិរបស់ AfterAccess។»
របាយការណ៍ AfterAccess បានកត់សម្គាល់ពីចំណុចសំខាន់ៗ សម្រាប់ការអភិវឌ្ឍន៍ វិស័យព័ត៌មានវិទ្យា ICT នៅក្នុងប្រទេសកម្ពុជា, ឥណ្ឌា, ប៉ាគីស្ថាន, បង់ក្លាដេស, មីយ៉ាន់ម៉ា និងនេប៉ាល់។ នេះគឺរួមបញ្ចូលទាំងតំបន់នៅដាច់ស្រយាល និងទីក្រុង, លំនាំយែនឌ័រ ក្នុងកម្មសិទ្ធទូរស័ព្ទដៃ និងការប្រើប្រាស់អ៊ីនធឺណិត, ពាណិជ្ជកម្មតាមអ៊ីនធឺណិត, បណ្ដាញសង្គម និងការបំពានតាមអនឡាញ។
អ្នកស្រាវជ្រាវបន្ថែមទៀតថា «ទិន្នន័យនេះមានសារសំខាន់ខ្លាំងណាស់ ហើយមិនមែនសម្រាប់តែ អ្នកធ្វើគោលនយោបាយប៉ុណ្ណោះទេ គឺសម្រាប់គ្រប់វិស័យតែម្ដង។
ទិន្នន័យនេះ ត្រូវបានប្រើប្រាស់រួចហើយ ក្នុងការប្រាប់ពីគោលនយោបាយ ICT នៅប្រទេសឥណ្ឌា ហើយយើងជឿជាក់ថា ភាគីពាក់ព័ន្ធនៅប្រទេសកម្ពុជា នឹងយល់ពីសារសំខាន់របស់វាផងដែរ។»
នៅប្រទេសកម្ពុជា មានគ្រួសារ និងបុគ្គលចំនួន២១០០នាក់ ពី១០០ភូមិ និង ២៥ខេត្ត ត្រូវបានស្រង់មតិ។ វិធីសាស្ត្រ នៃការស្រង់យកទិន្នន័យ ត្រូវបានរចនាឡើង ដើម្បីធានាការតំណាង នៃក្រុមគោលដៅ (ប្រជាជនអាយុ ១៥ ទៅ៦៥ឆ្នាំ) នៅថ្នាក់ជាតិ ដែលមានចន្លោះកម្រិត ជឿជាក់ និង លទ្ធភាពខុសឆ្គង +/-៣.៣%។
វិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ នៅប្រទេសកម្ពុជាអាចប្រៀបធៀបបានជាមួយនឹងប្រទេសជាង ១៨ ដែលធ្លាប់បានស្រង់មតិ នៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។ មូលដ្ឋានទិន្នន័យ AfterAccess មានភាពម៉ត់ចត់ និងទូលំទូលាយបំផុត ក្នុងពិភពលោកភាគខាងត្បូង។
ទិន្នន័យដែល យើងមានសព្វថ្ងៃនេះ ត្រូវបានស្រង់ តាមរយៈការសម្ភាសដោយផ្ទាល់មាត់ជាមួយ គ្រួសារ និងបុគ្គល ចំនួន៣៨.០០៥នាក់។
ទិន្នន័យនេះ ផ្ដល់ចន្លោះឲ្យការបែងចែក រវាង យេនឌ័រ តំបន់ដាច់ស្រយាល ឬ ទីក្រុង និងអាយុ ព្រមទាំងកត្តាផ្សេងៗទៀតដែរ។
ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយមានការឧបត្ថម្ភថវិកាពីមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកអភិវឌ្ឍន៍អន្តរជាតិ IDRC នៅ កាណាដា នាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិ របស់រដ្ឋាភិបាលអង់គ្លេស (DFID) មូលនិធិ Ford និង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)៕
Source: Kampuchea Thmey Daily
0 Comments