អ្នកការទូតកំពូលរបស់ក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានស្នើសុំឲ្យសហរដ្ឋអាមេរិកពន្យារពេលកិច្ចពិភាក្សាជាន់ខ្ពស់តាមការគ្រោងទុកក្នុងទីក្រុងញូវយ៉កនៅសប្តាហ៍នេះ។ អ្នកការទូតបានលើកឡើងបែបនេះមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសអំពីការពន្យារពេលរបស់កិច្ចប្រជុំនេះ។
ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសលោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលោក Kim Yong Chol ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍គឺត្រូវបានគេផ្លាស់ប្តូរទៅកាលបរិច្ឆេទក្រោយវិញ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការពន្យល់បន្ថែមទៀតត្រូវបានគេផ្តល់ឲ្យទេប៉ុន្តែក្រុងព្យុងយ៉ាងកំពុងទាមទារឲ្យមានការបន្ធូរបន្ថយចំពោះទណ្ឌកម្មដែលត្រូវបានដាក់លើកម្មវិធីអាវុធរបស់ខ្លួនស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានទទូចថា ទណ្ឌកម្មគួរតែបន្តរហូតទាល់តែកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បាននិយាយថា វាគឺទីក្រុងព្យុងយ៉ាងដែលបានស្នើសុំការពន្យាពេល។
លោកស្រី Kang បានប្រាប់សមាជិកសភាថា “សហរដ្ឋអាមេរិកបានប្រាប់យើងថា ខ្លួនបានទទួលសារមួយពីកូរ៉េខាងជើងដើម្បីសុំពន្យាពេលកិច្ចប្រជុំនេះ”។
របាយការណ៍របស់កូរ៉េខាងត្បូងបាននិយាយថា លោក Kim ដែលជាដៃស្តាំរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនត្រូវបានកំណត់ពេលជិះយន្តហោះនៅពេលថ្ងៃត្រង់ចេញពីទីក្រុងប៉េកាំងទៅទីក្រុងញូវយ៉កនៅថ្ងៃពុធ។
ប៉ុន្តែកាសែត Chosun Ilbo បានរាយការណ៍ថា ការកក់របស់គាត់ត្រូវបានលុបចោលម្តងហើយម្តងទៀត។
ការពន្យារពេលភ្លាមៗនេះបានកើតមានឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក Pompeo នឹងជួបជាមួយមន្ត្រីកូរ៉េខាងជើងក្នុងទីក្រុងញូវយ៉កដើម្បីពិភាក្សាអំពីវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនិងផែនការសម្រាប់កិច្ចប្រជុំកំពូលលើកទីពីររវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំ គីម ជុងអ៊ុន៕ AFP
Source: Kampuchea Thmey Daily
0 Comments