Ad Code

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ពង្រឹង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​បន្ថែម​ទៀត ក្នុង​ឱកាស​បុណ្យជាតិ​ធំៗ​នា​ចុង​ឆ្នាំនេះ​



ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​នា​រសៀល ថ្ងៃ​ទី​០៧​វិច្ឆិកា លោក​ សុខ សម្បត្តិ ប្រធាន​គណៈ​បញ្ជាការ​ខ​ណ្ឌ​ព្រែក​ព្នៅ បាន​ណែនាំ​ដល់​កងកម្លាំង ទាំងអស់​ក្នុង​ខណ្ឌ រួម​ទាំង​អាជ្ញាធរ​សង្កាត់​ទាំង​៥ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត លើ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន ពិសេស​គឺ​នៅ​ក្នុង​ឱកាស​បុណ្យជាតិ​ធំៗ ដែល​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដើរលេង​កំសាន្ដ​។​

លោក សុខ សម្បត្តិ បាន​លើក​ឡើង​ថា យើង​មាន​បុណ្យជាតិ​ធំៗ​ជា​បន្តបន្ទាប់ នា​ចុងឆ្នាំ​នេះហើយ​នៅ​ក្នុង​ខែវិច្ឆិកា​នេះ មានបុណ្យ ឯករាជ្យ និង បុណ្យ អុំទូក​ដែល​នឹង​ចូល​មកដល់​នា​ពេល​ឆាប់ៗ​នេះ ។

​ក្នុងឱកាស​នោះ បងប្អូន​ប្រជាពលរដ្ឋ នឹង​ធ្វើ​ដំណើរ​សម្រុក​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទស្សនាការ​កម្មវិធី​កំសាន្ដ​ផ្សេងៗ និង​ទស្សនាការ ប្រណាំង​ទូក​នៅមុខ​ព្រះបរមរាជវាំង វាំង​ផង​ដែរ​។​

ដូចនេះ​ ក្នុងនាម​ជា​អាជ្ញាធរ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពល​រដ្ឋ ដោយ​ចាត់ចែង​កម្លាំង ដាក់​យាមកាម ប្រចាំការ​តាម​គោលដៅ និង​កម្លាំង​ចេញ​ល្បាត​តាម​ច្រក​ល្ហក​ក្នុង​មូលដ្ឋាន ដើម្បី​ធានាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ផង និង ជួយ​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​ផង ក្នុងករណី​ដែល​មាន​ការ​កកស្ទះ​ចរាចរណ៍​កើតមានឡើង​។​

សម្រាប់​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ ត្រូវ​រៀបចំ​ផែនការ​ដាក់​វេន​ប្រចាំ​បញ្ជា​ពិសេស នៅ​ស្នាក់​ការ​របស់ខ្លួន និង​ត្រូវ​បញ្ជូន​ឈ្មោះ​វេន​ប្រចាំការ​ពិសេស​នេះ​មក​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ហើយ​គ្រប់​មន្ត្រី​ទាំងអស់​មិន​មាន​ការ​អនុញ្ញាត​ច្បាប់​ទេ គឺ​លើកលែងតែ​ឈឺ​ប៉ុណ្ណោះ​។

ជាមួយនេះ​ កម្លាំង​សរុប​របស់​ខណ្ឌ ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​សហការ​ជាមួយ អង្គភាព ពាក់ព័ន្ធ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ដោយ​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ត្រៀម​កម្លាំង​ទប់ស្កាត់​រថយន្ត​ធុន​ធ្ងន់​ចូល​ក្រុង​។ ឆែកឆេ​អាវុធជាតិផ្ទុះ តាម​វេន ​និង​កម្លាំង​ដែល​បាន​បែងចែក​ស្រាប់ ទៅតាម​គោលដៅ​ពិសេស​នៅ​តំបន់​ដែល​ស្មុគស្មាញ ដែល​ជនល្មើស​អាច​ធ្វើ​ការ​ឆ្លង​កាត់ ការ​ចុះ​ល្បាត តាម​មូលដ្ឋាន ព្រោះថា​ការងារ​សន្តិសុខ​សុវត្ថិភាព​នេះ ​គឺជា​រឿង​របស់​យើង​ទាំង​អស់​គ្នា បើ​យើង​ពឹង​ផ្អែកលើ​កងកម្លាំង​តែ​១​មុខ​នោះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។​

កិច្ចការ​នេះ​ ទាល់តែ​យើង​រួមគ្នា​ធ្វើ​ទើប​សម្រេច​បាន ជោគជ័យ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្ដៅ មាន​ទំនុក​ចិត្ត​មក​លើ​អាជ្ញាធរ។​

លោក​អភិបាលខណ្ឌ​មានប្រសាសន៍​ថា​ ទោះជា​កន្លងមក​កម្លាំង​សមត្ថកិច្ច​យើង​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ក្ដី ប៉ុន្តែ​យើង​នៅតែ​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត ដោយ​ឈរ​លើ​ស្មារតី ប្រុង​ប្រយ័ត្ន ខ្ពស់ ទើប​ធានា​បាន​នូវ​ភាព សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu