អង្គការលើកលែងទោសអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថា ខ្លួនព្រួយបារម្ភថា ជនជាតិភាគតិចនិកាយស៊ីអ៊ីតចំនួន១២នាក់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតត្រូវប្រឈម នឹងការប្រហារជីវិត “ភ្លាមៗ” បន្ទាប់ពីករណីរបស់ពួកគេត្រូវបានផ្ទេរទៅឲ្យអង្គភាពសន្តិសុខដ៏មានអំណាចមួយ ដែលរាយការណ៍ដោយផ្ទាល់ទៅកាន់ព្រះមហាក្សត្រ។
បុរសដែលត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងការជំនុំជម្រះដ៏ធំមួយកាលពីឆ្នាំ២០១៦បន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទធ្វើចារកម្មឲ្យគូប្រជែងក្នុងតំបន់អ៊ីរ៉ង់គឺត្រូវបានប្រគល់ទៅឲ្យ “គណៈប្រធានសន្តិសុខរដ្ឋ” ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនដោយរួមបញ្ចូលគ្នាទាំងសេវាប្រឆាំងភេរវកម្មនិងសេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុក។
លោក Heba Morayef នាយកប្រចាំតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើងរបស់អង្គការលើកលែងទោសបាននិយាយថា “ក្រុមគ្រួសាររបស់បុរសទាំងនោះកំពុងមានការភ័យរន្ធត់ដោយសារតែការអភិវឌ្ឍនេះនិងកង្វះព័ត៌មានដែលបានផ្តល់ឲ្យពួកគេស្តីពីស្ថានភាពនៃមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ជុំវិញការសម្ងាត់អំពីកិច្ចដំណើរការនីតិវិធីតុលាការរបស់អារ៉ាប៊ីសាអ៊ូឌីត, យើងបារម្ភថា ការអភិវឌ្ឍនេះគឺជាសញ្ញានៃការប្រហារជីវិតភ្លាមៗលើបុរសទាំង១២នាក់”។
លោក Morayef បានបន្ថែមថា បុរសទាំងនោះត្រូវបានផ្តន្ទាទោសប្រហារជីវិតបន្ទាប់ពី “ការជំនុំជម្រះក្តីទ្រង់ទ្រាយធំមិនយុត្តិធម៌”។
យ៉ាងណាក្តី មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់ទេ។
សហគមន៍និកាយស៊ីអ៊ីតត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី១០ទៅ១៥ភាគរយនៃចំនួនប្រជាជន៣២លាននាក់របស់ប្រទេសនេះប៉ុន្តែរដ្ឋាភិបាលមិនបានចេញផ្សាយស្ថិតិជាផ្លូវការទេ។
ប្រទេសអភិរក្សជ្រុលមួយនេះមានអត្រាប្រហារជីវិតខ្ពស់បំផុតមួយលើពិភពលោកដោយក្នុងនោះជនសង្ស័យដែលត្រូវបានផ្តន្ទាទោសពីបទភេរវកម្ម មនុស្សឃាត រំលោភសេពសន្ថវៈ ប្លន់ប្រដាប់អាវុធនិងជួញដូរថ្នាំញៀនត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។
រដ្ឋាភិបាលបាននិយាយថា ការកាត់ទោសប្រហារជីវិតគឺជាការរារាំងដ៏មានប្រសិទ្ធភាពប្រឆាំងនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ៕ AFP
Source: Kampuchea Thmey Daily
0 Comments