Ad Code

មន្ត្រី​សុខាភិបាល ​ស្នើ​ឲ្យ​ភោជនីយដ្ឋាន​ជាង​២​ពាន់​កន្លែង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​​



​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ និង​បរិក្ខារ​ពេទ្យ និង​គ្រឿង​សំអាង នៃ​ក្រសួងសុខាភិបាល​បាន​ស្នើ​ឲ្យ​ភោជនីយដ្ឋាន​ជាង​២​ពាន់​កន្លែង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​ ដើម្បី​ក្លាយ​ជា​ភោជនីយដ្ឋាន​មួយ​មាន​ស្តង់ដារ ​សំដៅ​ចូលរួមចំណែក​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់ ដោយ​ចំណីអាហារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

ថ្លែង​ក្នុងឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​អនុវត្តន៍ អនាម័យ​ល្អ តាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​កាលពី​ថ្ងៃទី០​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​ភ្នំពេញ លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ និង​បរិក្ខារ​ពេទ្យ និង​គ្រឿង​សំអាង នៃ​ក្រសួង​សុខា​ភិបាល បាន​ឲ្យ​ដឹងថា​ គិត​ត្រឹម​ខែតុលា​នេះ ​មាន​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​៤៥៦២ ក្នុង​នោះ​មាន​២០២០ ​ជា​ភោជនីយដ្ឋាន ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល ឬ​វិញ្ញាបនបត្រ អនាម័យ​ចំណីអាហារ និង​គោលការណ៍​អនុវត្តន៍​ល្អ​ពី​ក្រសួងសុខាភិបាល​ និង​ជាង​២​ពាន់​ នៅ​មិនទាន់​សហការ​ជាមួយ​ក្រសួងសុខាភិបាល​នៅឡើយ​ទេ​។​

លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត បាន​បាន​បន្តទៀតថា ក្នុងចំណោម​អាហារ​ដ្ឋា​ន​ និង​ភោជនីយ​ដ្ឋាន​ទូទាំង​ប្រទេស​សរុប​៤៥៦២ ​ក្នុងនោះ​មាន​មាន​វិញ្ញាបនបត្រ អនាម័យ និង​ស្លាក​សញ្ញា​(Logo) ២០២០ ដោយមាន​Logo ចំនួន ១៤៣១ គឺ​កម្រិត​ល្អ​A-៤៣៥, បង្គួរ​B-១២៣ និង​មធ្យម​C-៣១ សម្រាប់​ហាង​ដែល​ទទួលបាន​ការ​បណ្ដុះបណ្ដាល និង​វិញ្ញាបនបត្រ មិនទាន់បាន​ទទួល​បាន Logo ត្រូវ​បន្ត​ប្រឹងប្រែង​ពង្រឹង​គុណភាព​បន្ថែម​ទៀត​។​

លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត បញ្ជាក់ថា ការ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​អនុវត្តន៍ អនាម័យ​ល្អ តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន គឺ​មិនមែន​មានតែ​នៅ​កម្ពុជា​យើង​ទេ គឺ​មាន​គ្រប់​ប្រទេស​បណ្ដា​ប្រទេស​។

សម្រាប់​កម្ពុជា ក៏​នឹង​បន្ត​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការ​បណ្ដុះបណ្ដាល​ពី​ក្រៅ​ប្រទេស ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល នូវែលហ្សេឡង់ មក​អភិវឌ្ឍន៍​វិស័យ​ចំណីអាហារ​នៅ​កម្ពុជា ប្រកបដោយ​គុណភាព និង​ស្តង់ដារ​ខ្ពស់​ដូច​បណ្ដា​ប្រទេស​ដូច្នេះ​ដែរ​។​

ជាមួយគ្នានេះដែរ ​លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត ​បាន​អំពាវនាវ​ដល់​ម្ចាស់​អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​ទាំងអស់ សូម​មក​ទទួល​ការ​វគ្គ​បណ្ដុះបណ្ដាល​អនាម័យ​ចំណីអាហារ និង​គោលការណ៍​អនុវត្តន៍​ល្អ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បន្ត​ពង្រឹង​សមត្ថភាព លើ​គុណភាព អនាម័យ និង​បំពេញ​កាតព្វកិច្ច​ជា​អាជីវករ​មួយ​ដ៏​ត្រឹមត្រូវ ដើម្បី​ក្លាយ​ជា​ភោជនីយដ្ឋាន​ស្តង់ដារ​មួយ​ដែល​ផ្ដល់​ទំនុក​ចិត្ត និង​ទទួល​បាន​កិត្តិយស ពី​អតិថិជន​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពិសេស​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ដោយ​ចំណីអាហារ​នៅ​កម្ពុជា​ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu