សាកសពទី៦ ត្រូវបានគេរកឃើញកាលពីថ្ងៃពុធនៅក្នុងគំនរបាក់បែកនៃអាគារចំនួនពីរ ដែលដួលរលំក្នុងទីក្រុង Marseille របស់ប្រទេសបារាំងដែលនៅទីនោះពលរដ្ឋដែលខឹងសម្បា បានចោទប្រកាន់អាជ្ញាធរថាបានព្រងើយកន្តើយនឹងការព្រមានអំពីស្ថានភាពនៃផ្ទះសម្បែងសម្រាប់ជនក្រីក្របំផុត។
មនុស្សប្រមាណ៨នាក់ត្រូវបានគេភ័យខ្លាចថាស្លាប់នៅពេលអគារបានបាក់រលំក្នុងរយៈពេលប៉ុន្មានវិនាទីកាលពីព្រឹកថ្ងៃចន្ទក្នុងសង្កាត់ Noailles ដែលជាសង្កាត់ថ្នាក់ការងារនៅកណ្តាលទីក្រុងកំពង់ផែសមុទ្រមេឌីទែរ៉ាណេមួយនេះ។
អ្នកពន្លត់អគ្គិភ័យម្នាក់ដែលចូលរួមក្នុងការស្វែងរកអ្នកនៅរស់បាននិយាយថា អ្នករស់នៅក្នុងអគារផ្សេងទៀតជាច្រើននៅតាមផ្លូវតូចចង្អៀតត្រូវបានជម្លៀសចេញចំពេលមានការភ័យខ្លាចនៃការដួលរលំបន្ថែមទៀតខណៈដែលអគារទាំងអស់បានទ្រេតលើគ្នា។
រដ្ឋអាជ្ញាទីក្រុង Marseille លោក Xavier Tarabeux បានប្រាប់សន្និសីទព័ត៌មានមួយកាលពីថ្ងៃពុធថា មនុស្សម្នាក់ដែលរស់នៅក្នុងអគារមួយដែលបាក់រលំនោះបានទូរស័ព្ទទៅអ្នកពន្លត់អគ្គិភ័យនៅយប់មុនហេតុការណ៍កើតឡើងដើម្បីប្រាប់ថា “ស្នាមប្រេះមួយក្នុងផ្ទះរបស់នាងបានរីកធំ”។
គាត់បន្ថែមទៀតថា ក្រោយមកនាងបានទូរស័ព្ទទៅទៀតដើម្បីប្រាប់ថា “មិនមានជំនួយទេ”។
លោក Tarabeux បាននិយាយថា វាឆាប់ពេកក្នុងការនិយាយពីអ្វីដែលបណ្តាលឲ្យដួលរលំ។
អ្នកពន្លត់អគ្គិភ័យបានបញ្ជាឲ្យប្រជាជនចំនួន១០៥នាក់ត្រូវចាកចេញពីអគារហើយកាលពីថ្ងៃពុធបាននាំមនុស្សមួយក្រុមតូចវិលត្រឡប់ទៅវិញដើម្បីយកទ្រពសម្បត្តិខ្លះរបស់ពួកគេ។
លោក Tarabeux បានប្រាប់ AFP កាលពីពេលមុនថា បន្ទាប់ពីស្វែងរកតាមកម្ទេចថ្មនៅយប់ទីពីរ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពបុរសបួននាក់និងស្ត្រីពីរនាក់។
កំហឹងបានពុះកញ្ជ្រោលឡើងក្នុងចំណោមអ្នកស្រុកនិងសកម្មជនរាប់រយនាក់ដែលបានប្រមូលផ្ដុំគ្នានៅក្នុងការជួបជុំក្បែរកន្លែងកើតហេតុហើយអ្នកខ្លះបានរិះគន់ចៅហ្វាយក្រុង Marseille និងលេខាធិការផ្នែកលំនៅដ្ឋានរបស់គាត់ថាជា “ឃាតក”។
មនុស្សរាប់សិបនាក់បានធ្វើពិធីស្មឹងស្មាធសម្រាប់ជនរងគ្រោះ។
លោក Adama ដែលមានដើមកំណើតមកពីកោះ Comoro បាននិយាយថា “វាមានតែជនជាតិស្បែកខ្មៅនិងប្រជាជនអារ៉ាប់ប៉ុណ្ណោះដែលរស់នៅទីនេះដូច្នេះគ្មាននរណាម្នាក់យកចិត្តទុកដាក់ទេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments