ភ្នំពេញ ៖ មិនខុសពីឆ្នាំមុនៗឡើយ មហោស្រពភាពយន្តជប៉ុនឆ្នាំ២០១៨ នេះ បានជ្រើសរើសយកខ្សែភាពយន្តជប៉ុនថ្មីបំផុត ចំនួន ១១ រឿង ដែលរួមមានរឿងបែបជីវចល ចំនួន ២រឿងផងដែរនោះ មកចាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ឲ្យចូលទស្សនាដោយសេរីពុំគិតថ្លៃ នៅក្នុងទីក្រុងភ្នំពេញ និងទីរួមខេត្តសៀមរាប។ នេះបើយោងតាមការលើកឡើង របស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុន ប្រចាំឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។
ខ្សែភាពយន្តជប៉ុនទាំង១១ រឿង នឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex នៅផ្សារ AEON 1, Legend Cinema TK Avenue ចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ និងចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា នៅរោងភាពយន្ត Major Cineplex ក្នុងទីរួមខេត្តសៀមរាប។
ប្រជាជនកម្ពុជាទាំងអស់ ត្រូវបានអញ្ជើញឲ្យចូលរួមទស្សនា ខ្សែភាពយន្តជប៉ុនទាំង ១១រឿង នេះដោយពុំមានការបង់ប្រាក់នោះឡើយ ទៅតាមពេលវេលា និងទីកន្លែងដែលបានកំណត់។ សំបុត្រចូលទស្សនា នឹងត្រូវផ្ដល់ជូន ៤៥នាទីមុនការចាក់បញ្ចាំង ដោយក្រុមការងាររបស់ក្រុមអ្នករៀបចំមហោស្របភាពយន្ត នៅតាមរោងភាពយន្តនិមួយៗ។
ខ្សែភាពយន្តជប៉ុនទាំង ១១រឿង រួមមានរឿង៖ ១. The 8-year Engagement, ២. Chihayafuru Part 3, ៣. Yakiniku Dragon, ៤. Color Me True, ៥. The Crimes That Bind, ៦. Mixed Doubles, ៧. Inuyashiki, ៨. Laughing Under the Clouds, ៩. Lu Over the Wall, ១០. MIRAI, ១១. One Cut of the Dead៕
Source: Kampuchea Thmey Daily
0 Comments