ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកប្រា និងសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានសំណូមពរដ៏ទទូចដល់ក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋ សូមមេត្តាចុះពិនិត្យ ឬក៏ដកបង្គោលភ្លើងចាស់ៗចេញឲ្យអស់ផង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ បង្គោលភ្លើងចាស់មួយដើមបានរលំទ្រេតលើផ្លូវបង្កឲ្យអ្នកដំណើរមានក្តីព្រួយបារម្ភខ្លាចឆក់ខ្សែភ្លើង ព្រោះខ្សែធ្លាក់នៅត្រឹម ក អ្នកដំណើរដែលងាយគ្រោះថ្នាក់បំផុត។ ហើយបង្គោលភ្លើងដែលរលំនេះ គឺស្ថិតនៅព្រំប្រទល់សង្កាត់ព្រែកប្រា និងសង្កាត់និរោធក្នុងភូមិអូរអណ្ដូងទី១ សង្កាត់ព្រែកប្រា។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ លោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រាបានឲ្យកម្ពុជាថ្មីដឹងថាបង្គោលភ្លើងនេះ ពុំមែនជាបង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋនោះទេ គឺជារបស់ឯកជន ប៉ុន្តែខ្សែបណ្ដាញដែលអូសកាត់បង្គោលខ្សែភ្លើង និងខ្សែកាប។
ទោះជាយ៉ាងណា ក៏លោកចៅសង្កាត់បានសុំទៅក្រុមហ៊ុនអគ្គិសនីឲ្យចុះមកពិនិត្យមើល និងដកបង្គោលចាស់នេះចេញ ដើម្បីកុំឲ្យបាក់សង្កត់លើអ្នកដំណើរបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស៕
Source: Kampuchea Thmey Daily
0 Comments