Ad Code

លោក​អភិបាលខណ្ឌ​មានជ័យ​ ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​២



​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៨​ ខែវិច្ឆិកា​នេះ​ លោក​ ពេជ្រ កែវ​មុនី អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​មាន​ជ័យ ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ចាប់ពី​គល់ស្ពាន​អាកាស​ក្បាលថ្នល់​ដល់​រង្វង់​មូល​ព្រះ​នរាយ​មុខ​សាលាខេត្ត​កណ្ដាល​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​មានជ័យ​រាជ​ធានី​ភ្នំពេញ​។​

លោក ​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍ថា​ ថ្ងៃនេះ​លោក​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ចាក់អង្រែលើ​ និង​ក្រោម​។

​ក្នុង​គោលបំណង​របស់​លោក​អភិបាលខណ្ឌ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​លោក​មាន​លំនៅដ្ឋាន​ជាប់​នឹង​ដង​ផ្លូវ​ជាតិ​លេខ​២​នេះ​ឲ្យ​ចេះ​ទុក​សំរាម​តាម​លំនៅដ្ឋាន​មិន​ត្រូវ​យកមក​ចាក់​គរ​លើ​ចិញ្ចើម​ផ្លូវ​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន​ហើយ ​ម្យ៉ាងទៀត​ពេល​មាន​ខ្យល់​ខ្លាំង​ គឺ​សំរាម​ដែល​គរ​ចោល​នោះ​ត្រូវ​ប៉ើង​រប៉ាត់​រប៉ាយ​ពេល​លើ​ផ្លូវ​ ពិសេស​ស្បោង​ប្លាស្ទិក​តែម្ដង​។ ​ចំពោះ​សំរាម​ត្រូវ​រក្សាទុក​តាម​លំនៅដ្ឋាន​ដោយ​រង់​ចាំ​រថយន្ត​ប្រមូល​សំរាម​មកដល់​ចាំ​យកទៅដាក់​ក្នុង​រថយន្ត​សំរាម​នោះ​។​

ដោយឡែក ​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​មុខ​លំនៅដ្ឋាន​សូមមេត្តា​ដាក់​លក់​ក្នុង​លំនៅដ្ឋាន​កុំ​យក​ចិញ្ចើម​ផ្លូវ​ដាក់លក់​ឲ្យ​សោះ​ ព្រោះ​វា​ប៉ះពាល់​ដល់​អ្នកដំណើរ​ថ្មើរ​ជើង​។ ​ដូច្នេះ​ហើយ ​ទើប​អាជ្ញាធរ​ដាក់​ជា​គំនូស​កំណត់​ឲ្យ​ដាក់​លក់​ ចៀសវាង​រំលោភ​យក​ចំណីផ្លូវ​ដាក់លក់​ឥវ៉ាន់​បង្ក​ឲ្យ​ជួប​ការ​លំបាក​ដល់​អ្នកដំណើ​រ​។​ ចំពោះ​ឥវ៉ាន់​ដែល​ត្រូវដាក់​លក់​កុំ​ចាំបាច់​យក​មក​ដាក់​ដល់​មាត់​ផ្លូវ​ខ្លាចក្រែង​អ្នក​ទិញ​រក​មិនឃើញ​នោះ​។​ ព្រោះ​បើ​គេ​ចង់​ទិញ​ ទោះ​ដាក់​ដល់​ក្នុង​ទូ​ ក៏​អ្នកទិញ​សួរ​រក​ដែរ​។​

លោក​អភិបាលខណ្ឌ​មានជ័យ ​ក៏បាន​សំដែង​ការ​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួនធំ​ដែល​លោក​បាន​ភ្ញាក់រលឹក​ និង​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​អនុវត្តិ​តាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ស្ដីពី​ការ​ថែរក្សា​អនាម័យ​តាម​ខ្នង​ផ្ទះ ​និង​ផ្លូវ​សាធារណៈ​ និង​បញ្ហា​សណ្ដាប់ធ្នាប់​ពិសេស​ចូលរួម​ក្នុង​ការ​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu