Ad Code

កម្ពុជា-​ថៃ​ រួមគ្នា​គ្រប់គ្រង ​និង​ការពារ​ដល់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​



ភ្នំពេញ ​៖​ កម្ពុជា-ថៃ​ បាន​រួមគ្នា​ជួយ​ការពារ​សុវត្ថិភាព លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ និង​សុខុមាល​ភាព​សង្គម​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

ថ្លែង​ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​រវាង​សមាគម​ទីភ្នាក់ងារ​ហត្ថ​ពលកម្ម​កម្ពុជា សមាគម​ជ្រើសរើស​ពលករ​កម្ពុជា ​និង​សមាគម​ទំនាក់ទំនង​កម្ពុជា-​ថៃ​ កាលពី​រាត្រី​ថ្ងៃទី​០៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ ដឹ ក្រេ​ដ ឌូ​ក រាជធានី​ភ្នំពេញ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​នេះ គឺជា​វឌ្ឍនភាព និង​យន្តការ​បន្ថែម​ថ្មី​មួយទៀត​ក្នុង​ការ​ការពារ​ដល់​ព​លករ​កម្ពុជា ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បន្ថែម​លើ​កិច្ច​គាំពារ​ និង​លើកកម្ពស់​សិទ្ធិ សុខុមាលភាព​ ក៏​ដូចជា​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​ពលករ​ខណៈ​មាន​ពលករ​ខ្មែរ​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ​១​លាន​៨​ម៉ឺន​នាក់​។

លោក​បណ្ឌិត​បាន​បន្ត​ថា ​«​ខ្ញុំ​គិតថា ​នេះ​គឺជា​ការ​បង្កើត​ដៃគូ​ថ្មី​មួយទៀត​ក្រៅពី​ស្ថាប័ន​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​កម្ពុជា-​ថៃ ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​កាន់​តែ​មាន​សុខ​សុវត្ថិភាព ​និង​ទទួល​បានការ​គាំពារ​ពី​ច្បាប់​ដូច​ពលករ​ដទៃ​ៗ​ទៀត​ដែរ​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុងការ​គាំពារ ការ​ការពារ​សិទ្ធ និង​ផលប្រយោជន៍​ពលករ​ខ្មែរ​នៅ​បរទេស​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទទួល​ និង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ​និង​បទដ្ឋាន​នានា​។​

លោក​បណ្ឌិត​ អ៊ិត​ សំហេង​ បាន​ស្នើ​ឲ្យ​សមាគម​ទាំង​បី​ពិចារណា​ក្នុង​ការ​រៀបចំផ្ទះ​ស្នាក់នៅ​បណ្ដោះ​អាសន្ន​សម្រាប់​ពលក​រ​កម្ពុជា​នៅ​តាម​តំបន់​ក្នុង​ប្រទេស​ថៃ​ ដើម្បី​អាច​ឲ្យ​ពលករ​កម្ពុជា​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុងអំឡុងពេល​ប្ដូរ​ការងារ ឬ​រង់ចាំ​ការ​ដោះស្រាយ​វិវាទ​ជាមួយ​និយោជក​។​

ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​នូវ​គម្រោង​របស់​សមាគម​ទាំងបី​ដែល​នឹង​រៀបចំ​ផ្តល់​ជូន​សេវាកម្ម​ធានារ៉ាប់រង​ដល់​ពលករ​កម្ពុជា​លើ​ការធានា​គ្រោះថ្នាក់​ការងារ​ និង​អាយុជីវិត​ផង​ដែរ​។​

លោក តាណី​ត ណាំ​ណ​យ ប្រធាន​សមាគម​ទំនាក់ទំនង​កម្ពុជា-​ថៃ​បាន​សន្យាថា​ នឹង​ជួយ​គាំពារ​សិទ្ធិ​សេរីភាព​ និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ដូច​ពលករ​បរទេស​ផ្សេង​ទៀត​ដែរ​។​

លោក ពិន វិ​រៈ នាយក​ប្រតិបត្តិ​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​បាន​មានប្រសាសន៍ថា​ នា​ពេល​ខាង​មុខ​ សមាគម​គ្រោង​នឹង​បង្កើត​ទីស្នាក់ការ​មួយ​នៅក្នុង​ប្រទេស​ថៃ​ដើម្បី​ងាយស្រួល​ដល់​ពលករ​ខ្មែរ​ទំនាក់ទំនង​ដូចជា ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ ឬ​ទៅ​ផ្ទាល់​តែម្ដង ​នៅពេលដែល​ពលករ​មាន​បញ្ហា​អ្វីមួយ​។​

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​កំពុង​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ​១​លាន​៨​ម៉ឺន​នាក់​ដោយ​ក្នុង​១​ឆ្នាំៗ​បាន​នាំមក​នូវ​ប្រាក់ចំណូល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu