ភ្នំពេញ ៖ ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការសរសេរចុះផ្សាយទាក់ទងនឹងរឿងរបស់តារាចម្រៀងប្រុស លោក ប៊ុត សីហា ដែលត្រូវបានអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក ចារិទ្ធី អញ្ជើញឲ្យចូលរួមជាតារាកិត្តិយសឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយ ប៉ុន្តែជាលទ្ធផលត្រូវតារាប្រុសរូបនេះធ្វើឲ្យទស្សនិកជន និងផលិតកររូបនេះខកបំណង ព្រោះតែមិនគោរពពេលវេលាច្រៀង។
ស្របពេលដែលមានការចុះផ្សាយអំពីបញ្ហារបស់ លោក ប៊ុត សីហា និងលោក ចារិទ្ធី ជុំវិញរឿងរ៉ាវខាងលើនេះ ភ្លាមៗនោះ ស្រាប់តែ លោក ចារិទ្ធី បានចេញមុខប្រតិកម្មចំពោះករណីមួយនេះ ដោយលោកចាត់ទុកថាលោកពុំដែលមានការអន់ចិត្ត ឬប្រកាន់ខឹងលើតារាប្រុស លោក ប៊ុត សីហា នោះទេ។ ចំណែកឯរឿងបែកធ្លាយព័ត៌មានរបស់ លោក ប៊ុត សីហា គឺលោកក៏មិនបានដឹងនោះដែរ។
លោក ចារិទ្ធី បានលើកឡើងបង្ហាញពីឆន្ទៈរបស់ខ្លួនថា សួស្ដីប្អូនប្រុស ប៊ុត សីហា ជាទីស្រលាញ់ បងទើបបានឃើញតាមរយៈបណ្ដាញសង្គមFacebook គេចុះពីបញ្ហាប្អូននិងបង ពេលបងបានអានហើយ បងមានអារម្មណ៍អាណិតប្អូនណាស់ មិនគួរណារឿងតូចសោះបែរក្លាយទៅជារឿងធំ ហើយម្យ៉ាងទៀតបងខ្លាចប្អូនយល់ច្រឡំថារឿងនេះត្រូវបានធ្លាយចេញពីបង។
ជាមួយគ្នានេះ លោក ចារិទ្ធី ក៏បានបញ្ជាក់ថា បងសូមប្រាប់ប្អូនថា រឿងប្អូនមកច្រៀង ឬមិនមកច្រៀងវាជារឿងតូចណាស់សម្រាប់រូបបង ព្រោះកន្លងមកបងតែងតែជួបរឿងបែបនេះជារឿយៗ គឺមានតារាចម្រៀងខ្លះដល់ម៉ោងផ្សាយផ្ទាល់ហើយ ទើបតេមកប្រាប់ថាឈឺមកមិនបាន អ្នកខ្លះខលមកថាជាប់ចរាចរណ៍ អ្នកខ្លះថាធ្វើសក់មិនទាន់ អ្នកខ្លះមកយឺតចង់ហួសម៉ោងផ្សាយផ្ទាល់ហើយទើបមកដល់។
ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ លោក ចារិទ្ធី បន្តទៀតថា បញ្ហាទាំងអស់នេះបងតែងតែអធ្យាស្រ័យ ហើយដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងល្អ ហើយមិនឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងណាម្នាក់ទេ រឿងដែលកើតឡើងកន្លងមកនេះមិនមែនបងតាំងចិត្តធ្វើជាមិនខឹងនោះទេ តែបងជាមនុស្សអញ្ចឹង ជួបបញ្ហាបងត្រូវតែដោះស្រាយ បងមិនអង្គុយរអ៊ូទេ ហើយម្យ៉ាងទៀតកន្លងមកបងតែងតែជួយបើកឱកាសឲ្យប្អូនៗទាំងអស់គ្នា គឺមិនដែលបានបិទ ឬបំផ្លាញកិត្តិយសតារាចម្រៀងណាម្នាក់ឡើយ។
លោក ចារិទ្ធី បានបន្ថែមទៀតថា ចំណែករឿងរបស់ប្អូនវិញសូម្បីមួយម៉ាត់ក៏បងមិនបាននិយាយហើយទុកក្នុងចិត្តដែរ តែបងមិនដឹងថាហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងចំពោះប្អូន ឲ្យបងសូមទោស ហើយចូលរួមសោកស្ដាយផង ពីបង ចារិទ្ធី ដែលនៅតែអាណិត និងស្រឡាញ់ប្អូន។
សូមបញ្ជាក់ថា តាមរយៈការលើកឡើងរបស់ លោក ចារិទ្ធី ខាងលើនេះដែរ ភ្លាមៗនោះដែរគេក៏សង្កេតឃើញមានអ្នកសិល្បៈខ្មែរមួយចំនួនបានបង្ហាញការគាំទ្រ និងលើកសរសើរទឹកចិត្តដ៏ល្អបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments