ឡុង សំណាង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានស្វាគមន៍ការសុំសងសឹករបស់អ្នកប្រដាល់ថៃ Loom Leng នាយប់ថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើសង្វៀនGanzberg Top Fighter របស់SEATV។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
Loom Leng ជាអ្នកប្រដាល់ជើងចាស់ និងជាម្ចាស់ខ្សែក្រវាត់ជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៦៣,៥០០គ.ក្រ ដែលវាយបាននៅស្រុកខ្មែរ ហើយក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកដែរកន្លងមក។ ក្នុងនោះគេបានវាយចាញ់ ឡុង សំណាង ដោយពិន្ទុកាលពីចុងឆ្នាំ២០១៧ ធ្វើឲ្យគេមិនអស់ចិត្ត ទើបសុំសងសឹកសំណាងវិញនេះ។ Loom Leng នេះ គេមានស្នៀតប្រដាល់ល្អ ពិសេសស្នៀតទាត់របស់គេ គឺទាត់តែខាងលើសំដៅកញ្ចឹងក តែប៉ុណ្ណោះ ។
អ្នកប្រដាល់ថៃរូបនេះ គេមានប្រវត្តិប្រកួតចំនួន៨២លើក ឈ្នះ៦៩លើក ចាញ់១២លើក និងស្មើ០១លើក ។ ចំណែក ឡុង សំណាងវិញ គេមានប្រវត្តិប្រកួតចំនួន៨១លើក ឈ្នះ៦៧លើក ចាញ់១១លើក និងស្មើ០៣លើក។ ឡុង សំណាង កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកនេះ បានវាយឈ្នះអ្នកប្រដាល់ថៃPek Thieng ដោយពិន្ទុ ធ្វើឲ្យគេក្លាយជាម្ចាស់ខ្សែក្រវាត់Wurkz ទម្ងន់៦៣,៥០០គីឡូក្រាម។
ទោះជាយ៉ាងណា ឡុង សំណាង មិនអាចមើលស្រាល Loom Leng បានទេ ព្រោះគេក៏ជាម្ចាស់ខ្សែក្រវាត់ដែរ។ តែយ៉ាងណា Loom Leng ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះ ឡុង សំណាង ថ្វីត្បិតតែគេជាជើងខ្លាំងស្រករក្រោយក្ដី ក៏វាយខ្លាំង និងមានបច្ចេកទេសល្អក្នុងការប្រកួតដែរ។ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿនថែមទៀត។ ចាំមើល តើ Loom Leng អាចសងសឹកឡុង សំណាង បានសម្រេចឬអត់?។
ឡុង សំណាង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាមួយថៃ២០លើកកន្លងមកនេះ គេទើបតែស្គាល់ពាក្យថាចាញ់ម្ដងប៉ុណ្ណោះ គឺឈ្នះថៃ១៨លើក និងស្គាល់ស្មើ០១លើក។ និយាយរួម ឡុង សំណាង គេមានស្នៀតប្រដាល់ល្អ ពិសេសជង្គង់តែម្ដង ហើយមួយទៀត គេមានចិត្តប្រដាល់ធំថែមទៀត គឺវាយមិនដកថយឡើយ។
ចំពោះ វ៉ែន សុវណ្ណ គេនឹងត្រូវជួបប្រកួតសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់អ៊ីរ៉ង់ អេកបារៀ គីរ៉ាម៉េត (Akbari Keramad )។ វ៉ែន សុវណ្ណ និង អេកបារៀ គីរ៉ាម៉េត នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
អ្នកប្រដាល់អ៊ីរ៉ង់អេកបារៀ គីរ៉ាម៉េត នេះ ជាអ្នកប្រដាល់ម្នាក់ដែលហ្វឹកហាត់នៅប្រទេសថៃ តែគេមិនធ្លាប់មកប្រកួតនៅកម្ពុជាម្ដងណានៅឡើយទេកន្លងមក។
មិនដឹងថា អ្នកប្រដាល់អ៊ីរ៉ង់នេះ អាចទប់ទល់ជាមួយ វ៉ែន សុវណ្ណ ក្លិបកងកេងមានរិទ្ធមកពីខេត្តបាត់ដំបង បានឬយ៉ាងណានោះទេ?។
ជើងថ្មីអ៊ីរ៉ង់រូបនេះ មានប្រវត្តិលើរេញ តែ១៤លើកប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ១១លើក ចាញ់០៣លើក មិនដែលស្មើ។
ឆ្លងកាត់ការប្រកួតប៉ុននេះ អេកបារៀ គីរ៉ាម៉េត ប្រហែលជាទប់ជាមួយ វ៉ែន សុវណ្ណ មិនបាននោះឡើយ ព្រោះសុវណ្ណ ជាអ្នកប្រដាល់ជើងខ្លាំងជើងចាស់។ គេមានស្នៀតប្រដាល់ល្អ ហើយតិចនិកប្រកួតរបស់គេ ក៏ខ្ពស់និងមានកលល្បិចច្រើនដែរ ដែលមិនអាចឲ្យអេកបារៀ គីរ៉ាម៉េត យកឈ្នះបាននោះឡើយ។
តែយ៉ាងណាខ្លាច វ៉ែន សុវណ្ណ ចាញ់កម្លាំងរបស់អ្នកប្រដាល់អ៊ីរ៉ង់នោះ ព្រោះសុវណ្ណមានវ័យច្រើន ហើយកម្លាំងស៊ុហ្វ ក៏មិនជាខ្លាំង និងរឹងមាំដូចពីមុននោះដែរ។ វ៉ែន សុវណ្ណគេធ្លាប់វាយឈ្នះអ៊ីរ៉ង់ដោយពិន្ទុម្ដងហើយ កាលពីពេលកន្លងមក នៅសង្វៀនអាស៊ីអាគ្នេយ៍នេះ គឺឈ្នះSaben Fath។
ទោះជាយ៉ាងណា វ៉ែន សុវណ្ណ មិនទាន់ប្រាកដថាឈ្នះ អេកបារៀ គីរ៉ាម៉េត នោះទេ? ត្បិត សុវណ្ណ អាចចាញ់កម្លាំងស៊ុហ្វអ្នកប្រដាល់អ៊ីរ៉ង់។ ប៉ុន្តែរឿងឈ្នះចាញ់ មិនអាចកំណត់មុនបាននោះឡើយ។ ចាំមើលរវាង វ៉ែន សុវណ្ណ និង អេកបារៀ គីរ៉ាម៉េត តើនរណាឈ្នះ?៕
Source: Kampuchea Thmey Daily
0 Comments