ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបិទវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល និងការគ្រប់គ្រងឆ្នាំ២០១៨ ដែលពិធីនៅរៀបចំឡើងនៅសាលប្រជុំរបស់ក្រសួង ក្រោមអធិបតីភាព លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមានការចូលរួមពីសិក្ខាកាមយ៉ាងច្រើន។
តាមរបាយការណ៍អានដោយ លោក តន សុវណ្ណឧត្តម នាយកស្ដីទីសាលាបណ្ដុះបណ្ដាល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងមានសិក្ខាកាមសរុបចំនួន១២២នាក់ ក្នុងនោះមានស្ត្រី៣៤នាក់ មកពីគ្រប់នាយកដ្ឋាន និងមន្ទីរវប្បធម៌ រាជធានី ខេត្ត។
តាម លោក តន សុវណ្ណឧត្តម ក្នុងដំណើរការបណ្ដុះបណ្ដាលនេះ គ្រូឧទ្ទេស និងសហការី នៅសាលាបណ្ដុះបណ្ដាល បានសហការគ្នាយ៉ាងល្អក្នុងការរៀបចំសម្ភារៈបច្ចេកទេសសម្រាប់សម្រួលដល់ការសិក្សារបស់សិក្ខាកាម និងផ្ដល់ឱកាសដល់សិក្ខាកាមបានបញ្ចេញភាពក្លាហាន ឈ្លាសវៃទន់ភ្លន់ប្រកបដោយភាពម៉ឺងម៉ាត់ក្នុងការចោទសួរដេញដោលលោកគ្រូឧទ្ទេស លើគ្រប់មុខវិជ្ជាដែលបានបង្ហាត់បង្ហាញយ៉ាងផុលផុស។ ដូច្នេះហើយក្រោយការបណ្ដុះបណ្ដាលយើងអាចគណនាសមត្ថភាព នៃការយល់ដឹងរបស់សិក្ខាកាមទាំងអស់ថា មានការយល់ដឹងកើនឡើងគួរជាទីមោទនៈ។
ជាមួយគ្នានោះ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ពិតជាទទួលបាននូវចំណេះដឹង និងទស្សនាទានថ្មីៗ ព្រមទាំងបទពិសោធន៍បន្ថែមលើអ្វីដែលមានស្រាប់ ពាក់ព័ន្ធនឹងវិស័យរដ្ឋបាល និងការងារគ្រប់គ្រង។
ជាមួយគ្នានោះ លោកបានស្នើដល់សិក្ខាកាមទាំងអស់ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចំណេះដឹង និងបទពិសោធន៍ល្អល្អ ដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ និងពង្រីកការប្រើប្រាស់ឲ្យបានចំគោលដៅ ព្រមទាំងបន្តខិតខំអភិវឌ្ឍសមត្ថភាពនៅតាមអង្គភាពរបស់ខ្លួនបន្ថែមទៀត តាមដែលអាចធ្វើទៅបាន សំដៅពង្រឹង និងពង្រីកការយល់ដឹងបន្ថែម ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសារសំខាន់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ទាក់ទងបញ្ហានេះ លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ និងអបអរ សាទរយ៉ាងជ្រាលជ្រៅចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើការងាររដ្ឋបាល និងការគ្រប់គ្រង ប្រកបដោយជោគជ័យនាពេលនេះ។
លោកបន្តថា រយៈពេលបីថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ពិតជាបានខិតខំប្រឹងប្រែងទទួលបាននូវចំណេះដឹងថ្មីៗ ល្អៗ ពីគ្រូឧទ្ទេស ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់ លើមុខវិជ្ជាមួយចំនួន ដែលទាក់ទងទៅនឹងការងាររដ្ឋបាល ពីព្រោះមុខវិជ្ជាទាំងអស់នេះពិតជាមានសារៈសំខាន់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើង សំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាព នៃកិច្ចការរដ្ឋបាល ក្នុងវិស័យវប្បធម៌របស់យើងឲ្យកាន់តែមានភាពល្អប្រសើរ ស្របតាមរបត់ និងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
តាម លោក ធៀង វណ្ណដារ៉ុង លទ្ធផលទាំងអស់នេះ គឺបានកើតចេញមកពីការខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យទាំងអស់ ដែលបានផ្ដល់នូវបទពិសោធន៍ និងចំណេះដឹងទាំងឡាយរបស់ខ្លួនតាមរយៈការបកស្រាយពន្យល់ដល់សិក្ខាកាមដោយចេះផ្ដល់នូវទ្រឹស្ដី មេរៀននីមួយៗ ផ្សារភ្ជាប់ជាមួយបទពិសោធន៍ជាក់ស្ដែងល្អៗ ដែលជួយធ្វើឲ្យសិក្ខាកាមទាំងអស់គ្នាយល់ឆាប់ចាំ និងអាចយកទៅច្នៃប្រឌិត ហើយអនុវត្តបានល្អស្របតាមស្ថានភាពជាក់ស្ដែងក្នុងសង្គមនាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកសម្ដែងការជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធន៍ ដែលបានសិក្សានៅទីនេះទៅអនុវត្តការងាររបស់ខ្លួន ឲ្យបានកាន់តែមានប្រសិទ្ធភាព ហើយលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងសាស្ត្រាចារ្យទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹកចូលរួមសហការបណ្ដុះបណ្ដាលធនធានមនុស្សកសាងសមត្ថភាពមន្ត្រីរាជការ ដែលជានិច្ចកាលត្រូវពង្រឹងនូវចំណេះដឹងថ្មីបន្ថែម ដើម្បីឲ្យទាន់តាមរកបទនឹងការវិវត្តន៍តាមសម័យកាលរបស់សង្គម៕
Source: Kampuchea Thmey Daily
0 Comments