Ad Code

កញ្ឆា​ជិត​៤.០០០​ដើម ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​



ពោធិ៍សាត់​ ៖ បទល្មើស​កញ្ឆា​ជិត​៤.០០០​ដើម ​ត្រូវ​លោក​អភិបាលខេត្ត​បញ្ជា​ឲ្យ​ស្នងការ​បញ្ជូន​កម្លាំង​ជំនាញ​នគរបាល​សហការ ​នឹង​កម្លាំង​មូលដ្ឋាន ​ចុះ​បង្ក្រាប​ដល់​ទី​តាំង ខណៈ​ពលរដ្ឋ​ប្ដឹង​ពី​បទ​ល្មើស​នេះ​។​ ការចុះ​បង្ក្រាប​កញ្ឆា​លូច​ដាំ​ដោយ​ខុសច្បាប់​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ០​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ទ្រូង​ខ្លា ស្ថិតនៅ​ក្នុង​ភូមិ​តាំង​គោក ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​

​បើតាម​ លោក​ឧត្ដមសេនីយ៍​ត្រី រស់ ប៊ុន ណាន ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ផែន​បទល្មើស​នេះ​បាន​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា ក្រោយពេល​លោក​ទទួល​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ ដែល​ប្រជាជន​រាយការណ៍​ជូន​លោក​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​មាន​ជន​ខិលខូច​បាន​លួច​ដាំ​កញ្ឆា​នៅ​ទីតាំង​ខាងលើ។ ភ្លាម​នោះ​ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ចុះ​ផ្ទាល់ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាកាន កម្លាំង​រដ្ឋបាល​ប៉ុស្តិ៍ ​និង​អាជ្ញាធរ​មូលដ្ឋាន ឃើញ​ថា​មានការ​លួច​ដាំ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់​មួយ​កន្លែង​នៅ​ចំណុច​ខាងលើ​ចំនួន​១០​កន្លែង មាន​៧៩​រង ស្មើនឹង​៣៥៦៩​ដើម ព្រមទាំង​សម្ភារៈ​មួយ​ចំនួន សមត្ថកិច្ច​បាន​ធ្វើ​កាប់​បំផ្លាញ និង​ដុត កម្ទេច​ចោល​នៅនឹងកន្លែង​ផងដែរ​។

​លោកស្នងការ រង រស់ ប៊ុន​ណាន រង​បាន​បន្តថា តាម​ការសង្កេតមើល​ជាក់ស្ដែង គឺ​ជនល្មើស​បាន​លួច​ដាំ​កញ្ឆា​នេះ កឺ​ជួល​ដីចម្ការ​២​កន្លែង នៅជាប់​ព្រំ​ដី​ចម្ការ​គ្នា ដោយ​ប្រើ​រូបភាព​ដាំ​ដំឡូង​មី​បិទបាំង​បទល្មើស ហើយ​ដាំ​កញ្ឆា​នៅ​តាម​ដី​ចន្លោះ​ក្បែរ​ដំឡូង​មីនោះ ដោយ​ការដាំ​នោះគេ​បាន​ទទួលផល​រៀប​ចំ​កាប់​ដើម​កញ្ឆា​យកទៅលក់​ហើយ​ តែ​យើង​បង្ក្រាប​ទាន់ពេល​។

​លោក​បាន​បញ្ជាក់ថា បើតាម​ការសាកសួរ​របស់​សមត្ថកិច្ច ទៅលើ​ម្ចាស់​ដី​ឈ្មោះ នូវ នឿន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ឲ្យ​ដឹងថា ការ​ដាំ​កញ្ឆា​ជាច្រើន​ដើម​នេះ គឺ​ម្ចាស់​ឈ្មោះ រី ភេទ​ប្រុស រស់នៅ​ខេត្ត​តាកែវ ជួល​ដី​ចម្ការ​នេះ ហើយ​ជា​អ្នក​ដាំ កញ្ឆា​នេះ ដោយ​មុន​ពេល​សមត្ថកិច្ច​ចុះមក​ដល់ទី​តាំង​នេះ​គេ​បាន​រត់​គេចខ្លួនបាត់​តែម្ដង​។

លោក​ស្នងការ​រង​បាន​បន្ថែម​ថា កញ្ឆា​ជិត​៤.០០០​ដើម​ខាងលើ​ សមត្ថកិច្ច​យើង​បាន​ដុត​កម្ទេច​ចោល​នឹង​កន្លែង ដោយឡែក​សម្ភារៈ​មួយ​ចំនួន​ផ្នែក​ជំនាញ​យើង​បានរៀបចំ​ប្រមូល​ជា​វត្ថុតាង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ និង​ធ្វើ​របាយការណ៍​ជូន​លោកស្នងការ​ដើម្បី​រាយការណ៍​ទៅ​លោក​អភិបាល​ខេត្ត​ពី​លទ្ធផល​បង្ក្រាប​បទល្មើស​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu