ឧត្តរមានជ័យ ៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់៣នាក់ ត្រូវបានប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ធ្វើការឃាត់ខ្លួនបានជាមួយនឹងវត្ថុតាងយកមកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប៉ូលិស នៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ផេង តារា ស្នងការរង និងលោកវរសេនីយ៍ឯក ថោង សាមិ នាយការិយាល័យ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានធ្វើការចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់បាន៣នាក់ រួមជាមួយវត្ថុតាង។
ហេតុការណ៍ចាប់ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀននេះធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី ដោយកម្លាំងជំនាញខេត្ត និងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង នៅក្នុងភូមិកណ្ដាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានប្រាប់ថា មុន និងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺកម្លាំងជំនាញមានការសង្ស័យទើបធ្វើការឃាត់ខ្លួន និងឆែកឆេរទៅលើជនសង្ស័យ និងឃើញថ្នាំញៀនតែម្តងទៅ។
ជនសង្ស័យដែលចាប់ខ្លួននោះមាន ទី១.ឈ្មោះ សូត្រ ដាណេ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរស់នៅភូមិកណ្ដាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនសកម្ម។ ទី២.ឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដូចគ្នាខាងលើ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនសកម្ម។ ទី៣.ឈ្មោះ ថុង សៀកឡាង ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅដូចគ្នាខាងលើ។
ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ធំ ស្មើ១៨.២៥ក្រាម ទូរស័ព្ទដៃចំនួន៥គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ បំពង់សម្រាប់ប្រើប្រាស់ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចជំនាញខេត្តឧត្តរមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments