ភ្នំពេញ ៖ មុខសញ្ញាចោរលួចម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយប៊ិះក្ស័យជីវិត ខណៈពេលដែលចោររូបនេះ កំពុងបណ្ដើរម៉ូតូដែលខ្លួនលួចបាន។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៥វិច្ឆិកា ស្ថិតក្នុងបុរីស៊ីធីហោស ភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែក ចោរលួចម៉ូតូ ដែលប្រជាពលរដ្ឋចាប់បាននោះ ឈ្មោះ តាំង សុធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ កែម រ៉ានី ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងបុរីស៊ីធីហោស(ចំណុចកើតហេតុ) បានឲ្យនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ដឹងថា កាលពីវេលាម៉ោង១៥និង១០នាទីរសៀល ថ្ងៃទី២៥វិច្ឆិកានេះ គាត់បានចតម៉ូតូម៉ាកស្កូពី ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ1BC53 25 នៅផ្ទះ ហើយភ្លេចដកសោចេញពីម៉ូតូ។ លុះចូលក្នុងផ្ទះបានប្រមាណ១០នាទី ក៏ស្រាប់តែបាត់ម៉ូតូពីមុខផ្ទះ ហើយគាត់រត់ទៅចេញក្រៅផ្ទះបានប្រទះឃើញបុរសម្នាក់កំពុងបណ្ដើរម៉ូតូ គាត់ស្រែកឲ្យអ្នកភូមិជួយចាប់។ បន្ទាប់ពីឮសម្រែកថា ចោរៗ ក៏ស្រាប់តែប្រជាពលរដ្ឋរត់ចេញពីផ្ទះដេញចាប់ចោរដែលកំពុងបណ្ដើរម៉ូតូវាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់។ នេះចំជាថ្ងៃស៊យរបស់ចោរលួចម៉ូតូដែលអស់លក្ខណ៍ក្នុងរបររបស់គេដែលកាក់កបកន្លងមក ហើយម្យ៉ាងទៀតប្រជាពលរដ្ឋលោកកំពុងស្អប់ចោរផង៕
Source: Kampuchea Thmey Daily
0 Comments