ភ្នំពេញ ៖ អ្នកស្រី លី អ៊ុំអេង នាយិកាក្រុមហ៊ុនលីអ៊ុំអេងលីមីធីត ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនី្នសោភា សម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ននាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ( ចេញសែកអត់លុយ )។
ជនជាប់ចោទត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងសៀមរាបចាប់ខ្លួន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទឹកដីខេត្តសៀមរាបតាមដីការបស់សាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ចំនួនជាង៣លានដុល្លារអាមេរិក។
បន្ទាប់ពីចាប់ខ្លួនបានហើយ សាលាដំបូងខេត្តសៀមរាបបានផ្ទេរសមត្ថកិច្ចចាត់ការសំណុំរឿងនេះមកសាលាដំបូងរាជធានីភ្នំពេញវិញ រួចបញ្ជូនអ្នកស្រី លី អ៊ុំអេង មករាជធានីភ្នំពេញ។
រហូតមកដល់រសៀលថ្ងៃទី០៩វិច្ឆិកា លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឃុំខ្លួនអ្នកស្រី លី អ៊ុំអេង ដាក់ពន្ធនាគារតែម្ដង។
លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកស្រី លី អ៊ុំអេង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
បើតាមដីកាតុលាការ, មុនពេលចាប់ខ្លួននេះ គឺអ្នកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។
ក្រៅពីសំណុំរឿងនេះ នៅមានប្រជាពលរដ្ឋចំនួន០៨គ្រួសារ បានចោទអ្នកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប ប៉ុន្តែនេះជារឿងក្ដីមួយទៀតដែលគូភាគីកំពុងដោះស្រាយគ្នានៅឡើយ ប៉ុន្តែដំណោះស្រាយហាក់មិនជឿនលឿនទៅមុខទេ ដោយសារអាជ្ញាធរខេត្តគ្មានចេតនាដោះស្រាយឲ្យចប់ ទុកការដោះស្រាយឲ្យយឺតយូរដូចគេអាំងដំរី៕
Source: Kampuchea Thmey Daily
0 Comments