កណ្ដាល ៖ អ្នកខ្លាំងបានរត់គេចខ្លួនបាត់ នៅតែអ្នកខ្សោយ ដែលហ៊ានតសំដី ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះយកទៅមន្ទីរពេទ្យ ដោយត្រូវអណ្ដាតភ្លើងសាំងរបស់អ្នកខ្លាំងឆេះរោលខ្លួន។
ហេតុការណ៍ហិង្សាមានស្ថានទម្ងន់នេះកើតឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១និង០០នាទី នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភូមិធំបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ទុំ តុល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ។
ជនសង្ស័យ ឈ្មោះ សៀង ឈឿន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ (គេចខ្លួន)។
សាក្សីនិយាយថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹងជោក រួចបានស្រែកថា នៅម្តុំនេះអាណាខ្លាំង? ពេលនោះជនរងគ្រោះក៏បានឆ្លើយតបទៅជនសង្ស័យថា នៅម្ដុំនេះគ្មានអ្នកណាខ្លាំងទេ។
ជនសង្ស័យក៏និយាយទៅជនរងគ្រោះទៀតថា អ្ហែងចង់ម៉េច ពេលនោះជនរងគ្រោះក៏បានឆ្លើយថា អត់ចង់ម៉េចទេ។ ភ្លាមៗនោះជនសង្ស័យក៏បានយកដបសាំង(សាំងដាក់ដបទឹកសុទ្ធ) ដែលកាន់នៅនឹងដៃចំនួនកន្លះលីត្រយកទៅចាក់លើជនរងគ្រោះ រួចយកដែកកេះដុតជនរងគ្រោះបណ្ដាលឲ្យឆេះរងរបួសធ្ងន់តែម្តង។ ក្រោយពីដុតរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ហើយករណីនេះកម្លាំងនគរបាលប៉ុស្តិ៍កំពុងស្រាវជ្រាវរកជនសង្ស័យ៕
Source: Kampuchea Thmey Daily
0 Comments