សេតវិមានកាលពីថ្ងៃពុធបានហាមឃាត់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ម្នាក់ដែលកាលពីមុនមានជម្លោះជាមួយលោក Donald Trump នៅឯសន្និសីទសារព័ត៌មានមួយដែលក្នុងនោះលោកប្រធានាធិបតីអាមេរិកបានចាត់ទុកអ្នកកាសែតម្នាក់នេះថាជា “សត្រូវរបស់ប្រជាជន”។
លោក Trump បានហៅអ្នកយកព័ត៌មាន Jim Acosta ថា “មនុស្សឈ្លើយនិងគួរឲ្យខ្លាច” បន្ទាប់ពីអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានរបស់ទូរទស្សន៍ CNN រូបនេះបានបដិសេធការបញ្ជារបស់ប្រធានាធិបតីឲ្យអង្គុយចុះនិងប្រគល់មីក្រូហ្វូនអំឡុងសន្និសីទ, មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាមេរិក។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយថា “សេតវិមានបានហាមឃាត់អ្នករាយការណ៍រូបនេះរហូតដល់មានការជូនដំណឹងបន្ថែមទៀត”។
ជម្លោះដ៏ក្តៅគគុកបានចាប់ផ្តើមបន្ទាប់ពីអ្នកកាសែតដ៏លេចធ្លោរូបនេះចាប់មីក្រូហ្វូនហើយនៅតែបន្តសួរសំណួរអំពីទស្សនៈរបស់លោកប្រធានាធិបតីស្តីអំពីក្បួនជនអន្តោប្រវេសន៍អាមេរិកកណ្តាលដែលធ្វើដំណើរទៅព្រំដែនសហរដ្ឋអាមេរិក។
លោក Trump បាននិយាយថា “វាគ្រប់គ្រាន់ហើយ! ” ហើយអ្នកស្ម័គ្រចិត្តម្នាក់នៅសេតវិមានបានព្យាយាមទាញមីក្រូហ្វូនពីអ្នកកាសែត CNN ប៉ុន្តែមិនទទួលបានជោគជ័យទេ។
លោកស្រី Sanders បានថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “លោកប្រធានាធិបតី Trump ជឿជាក់លើសេរីភាពសារព័ត៌មានហើយរំពឹងនិងស្វាគមន៍ចំពោះសំណួរដ៏តឹងតែងអំពីគាត់និងរដ្ឋបាលរបស់គាត់”។
លោកស្រីបាននិយាយទៀតថា “ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងមិនអត់ឱនចំពោះអ្នកយកព័ត៌មានម្នាក់ដែលដាក់ដៃលើយុវនារីម្នាក់ដែលកំពុងព្យាយាមធ្វើការងាររបស់នាងក្នុងនាមជាអ្នកហាត់ការនៅសេតវិមាននោះទេ។ ទង្វើនេះពិតជាមិនអាចទទួលយកឡើយ”។
លោក Acosta បានវាយបកតបតទៅនឹងការចោទប្រកាន់ពីកំហុសឆ្គងនេះវិញដោយនិយាយថា “នេះគឺជាការកុហកមួយព្រោះថាបណ្តាញសារព័ត៌មានរបស់គាត់និងអ្នកសារព័ត៌មានមួយចំនួននៅក្រុងវ៉ាស៊ីនតោនដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មាននោះបានបង្ហាញការគាំទ្រដល់គាត់”។
ទូរទស្សន៍ CNN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកស្រី Sanders បាននិយាយកុហក”។ ទូរទស្សន៍នេះបន្តថា ការហាមឃាត់ផ្សាយព័ត៌មានគឺត្រូវបានបញ្ចប់ដោយការសងសឹកចំពោះសំណួរប្រឆាំង៕ AFP
Source: Kampuchea Thmey Daily
0 Comments