ភ្នំពេញ ៖ នៅវេលាម៉ោង៣ និង១៥ នាទី ថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith ) កំពុងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីរបាយការណ៍មួយចំនួន ដែលបានរកឃើញបឋមនៃដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃនៅកម្ពុជា ដែលសន្និសីទនេះ ធ្វើឡើងនៅការិយាល័យសិទ្ធិមនុស្ស អ.ស.ប (OHCHR) ប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ៤ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកស្រី រ៉ូណា ស្មីត (ចក្រភពអង់គ្លេស) ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប តែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៥។ អ្នករាយការណ៍ពិសេស គឺជាផ្នែកមួយនៃអ្វីដែលគេស្គាល់ថា ជានីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស (ស្ថាប័នដ៏ធំបំផុតមួយនៃអ្នកជំនាញឯករាជ្យនៅក្នុងប្រព័ន្ធសិទ្ធិមនុស្ស អ.ស.ប) គឺជាឈ្មោះទូទៅមួយនៃយន្តការឃ្លាំមើល និងស្វែងរកការពិត ឯករាជ្យរបស់ក្រុមប្រឹក្សានេះ។ អ្នកកាន់អាណត្តិនីតិវិធីពិសេស គឺជាអ្នកជំនាញឯករាជ្យ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សបានតែងតាំងឡើង ដើម្បីធ្វើការងារពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសមួយជាក់លាក់ ឬបញ្ហាសិទ្ធិមនុស្សតាមវិស័យនីមួយៗ នៅគ្រប់តំបន់ទាំងអស់នៃពិភពលោក។ ពួកគាត់មិនមែនជាបុគ្គលិក អ.ស.ប ទេ ហើយធ្វើការឯករាជ្យពីរដ្ឋាភិបាល និង អ.ស.ប។ ពួកគាត់បម្រើការក្នុងសមត្ថភាពបុគ្គលផ្ទាល់របស់ខ្លួន ហើយមិនទទួលប្រាក់បៀរវត្សរ៍លើការងារនេះឡើយ៕
Source: Kampuchea Thmey Daily
0 Comments