ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់ដែលបានចំណាយពេល៨ឆ្នាំមកហើយសម្រាប់ទោសប្រហារជីវិតពីបទប្រមាថព្រះត្រូវបានដោះលែងពីពន្ធនាគារហើយត្រូវបានគេជឿថាបានធ្វើដំណើរចេញពីទីក្រុង Multan រួចទៅហើយនិងកំពុងឆ្ពោះដំណើរទៅកាន់ទិសដៅដែលគេមិនដឹងមួយ។ នេះបើតាមការឲ្យដឹងពីមេធាវីរបស់នាងនៅថ្ងៃព្រហស្បតិ៍។
ការដោះលែងនាង Asia Bibi បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីការលើកលែងទោសនៅក្នុងករណីជាប្រវត្តិសាស្ត្រមួយដែលបានបង្កឲ្យមានការតវ៉ាពីពួកឥស្លាមនិយមដែលខឹងសម្បាក្នុងប្រទេសប៉ាគីស្ថាននិងក្រោយពេលមានបណ្តឹងឧទ្ធរណ៍ពីប្តីរបស់នាងដើម្បីឲ្យចក្រភពអង់គ្លេសឬសហរដ្ឋអាមេរិកផ្តល់សិទ្ធិជ្រកកោនដល់ក្រុមគ្រួសារពួកគេ។ មេធាវីរបស់នាងបានភៀសខ្លួនទៅប្រទេសហូឡង់នៅថ្ងៃសៅរ៍ក្រោមការគំរាមកំហែងដល់ជីវិតរបស់គាត់។
ការកាត់ទោសរបស់នាង Bibi ត្រូវបានលុបចោលដោយតុលាការកំពូលរបស់ប្រទេសនេះកាលពីថ្ងៃពុធមុនប៉ុន្តែនាងនៅតែស្ថិតក្នុងពន្ធនាគារខណៈពេលដែលរដ្ឋាភិបាលបានចរចាជាមួយពួករឹងរូសដែលបានបិទទីក្រុងធំៗនិងបានទាមទារឲ្យនាងត្រូវប្រហារជីវិតភ្លាមៗ។
មេធាវី Saif-ul-Mulook បាននិយាយក្នុងសារមួយទៅកាន់ AFP ថា “នាងត្រូវបានគេដោះលែង។ ខ្ញុំត្រូវបានគេប្រាប់ថា នាងជិះយន្តហោះប៉ុន្តែគ្មាននរណាដឹងពីកន្លែងដែលនាងនឹងចុះចតទេ”។
យោងតាមមន្ត្រីអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា “យន្តហោះដែលទៅយកនាង Bibi ចេញពីពន្ធនាគារគឺត្រូវបានគេតម្រូវឲ្យចុះចតនៅទីក្រុងឥស្លាមបាដប៉ុន្តែវាមិនច្បាស់ទេថាតើនាងអាចមានជើងហោះហើរផ្សេងទៀតដែរឬទេ”។
បន្ទាប់ពីការតវ៉ាចំពោះសេចក្តីសម្រេចកាលពីសប្តាហ៍មុន រដ្ឋាភិបាលបានយល់ស្របក្នុងកិច្ចព្រមព្រៀងមួយជាមួយក្រុមឥស្លាមនិយមដើម្បីដាក់បំរាមលើការធ្វើដំណើររបស់នាង Bibi ហើយមិនជំទាស់ចំពោះការប្តឹងឧទ្ធរណ៍នៅតុលាការកំពូលទេ។
មន្ត្រីពន្ធនាគារម្នាក់បានប្រាប់ AFP ថា ការបញ្ជាឲ្យដោះលែងនាងបានកើតឡើងកាលពីថ្ងៃពុធនៅឯពន្ធនាគារក្នុងទីក្រុង Multan ដែលជាកន្លែងនាងត្រូវបានឃុំខ្លួន៕ AFP
Source: Kampuchea Thmey Daily
0 Comments