ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា ដែលបានប្រមូលផ្តុំហ្វឹកហាត់ជាមួយគ្នាអស់មួយរយៈពេលមកនេះ បានប្រកួតមិត្តភាពចុងក្រោយនៅក្នុងស្រុក មុនចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ាន AFF Futsal Championship 2018 ដែលត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ក្នុងដើមខែវិច្ឆិកានេះ។
ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជើងឯកលីគហ្វូតសាលកម្ពុជា Down Town Sport ១៣ទល់០ នៅល្ងាចថ្ងៃពុធ សប្ដាហ៍នេះលើទីលានពហុកីឡដ្ឋានច្រកវត្តសំពៅមាស។ សូមបញ្ជាក់ ថា មុនចេញទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ធ្លាប់បានចេញទៅហ្វឹកហាត់និងប្រកួតមិត្តភាពនៅប្រទេសថៃ មួយរយៈខ្លីផងដែរ ដោយក្នុងនោះបានប្រកួតចាញ់ក្រុមម្ចាស់ស្រុក Rachanavy FC ៥ទល់១ ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Phutianan Stadium ខណៈនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានប្រកួតចាញ់ក្រុម Samutsakhon University ៤ទល់១ លើទីលានជាមួយគ្នា។ ចំណែកប្រកួតចុងក្រោយកម្ពុជា ត្រូវបន្តចាញ់ក្រុម Bangkok City ៩ទល់១ ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលជាប្រកួតចុងក្រោយ។
ថ្មីៗនេះកីឡាករដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចកោះហៅចំនួន១៦នាក់ចុងក្រោយមុនចេញទៅប្រកួតលើឆាកអន្តរជាតិ ដោយក្នុងនោះមានកីឡាករ សឹង ចាន់វ៉ាន់ណូ, តាត់ ផាត់ឌី,ញឹក ថាលីដា,ហូរ អាត្រា,សេដ្ឋា សច្ចៈបុត្រ, ចន្ថា ចន្ទាកា,គន្ធ លន់ដារ៉ូត, គឹម សុខយុទ្ធ,រស់ ស៊ីចំរើន,ហេង សុខលី,រស់ រតនៈ,ឡាក់ ភីរុណ,អ៊ុក សេរីរតនៈ,គីម ហាប់,កែវ ជាតួ,ផុន ចាន់ឧត្តម។
ងាកមកមើលពានរង្វាន់ជើងឯកបាល់ទាត់អាស៊ានក្នុងសាលឆ្នាំ២០១៨ ឬ AFF Futsal Championship 2018 នឹងត្រូវប្រកួតនៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ ពោលគឺសហព័ន្ធកីឡាបាល់ទាត់អាស៊ាន សម្រេចធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ខណៈកម្ពុជា បានសម្រេចបញ្ជូនក្រុមចូលរួមប្រកួតឡើងវិញដែរ ក្រោយខកខានតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ ១១ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដែលមានក្រុម៨ចូលរួម ក្នុងនោះពូល A មាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាខណៈពូល B មានថៃ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត៕
Source: Kampuchea Thmey Daily
0 Comments