ក្រុមបាល់ទាត់វិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាង ២សប្ដាហ៍មកហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុម U18 Fukushima មកពីប្រទេសជប៉ុន នៅល្ងាចថ្ងៃសុក្រ នេះ ខណៈគ្រូបង្វឹករបស់ក្រុមនេះមិនកោះហៅកីឡាករដែលស្ថិតក្នុងក្រុមជម្រើសជាតិកម្ពុជា នោះទេ។
ការប្រកួតរវាងក្រុមវិសាខា និងក្រុម U18 Fukushima របស់ជប៉ុន នឹងធ្វើឡើងនៅវេលាម៉ោង៥ល្ងាចលើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ដោយមិនមានលក់សំបុត្រ ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ BTV News ផងដែរ។ ការប្រកួតនេះ នឹងធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បានចាត់ទុកការប្រកួតនេះ គឺជាឱកាសដ៏ល្អ ដើម្បីធ្វើតេស្ដកីឡាករចាស់-ថ្មី ពិសេសកីឡាករយុវជន ទើបផ្ទេរមកពីសាលាបាល់ទាត់ជាតិបាទីតែម្ដង។
លោកគ្រូបង្វឹកខាងលើបានលើកឡើងថា «កីឡាករដែលជាប់ក្រុមជម្រើសជាតិលើកនេះយើងមិនបានកោះហៅទេ យើងប្រើកីឡាករក្មេងៗ និងចាស់ៗដែលសេសសល់សម្រាប់ការប្រកួតជាមួយក្រុមយុវជនមកពីជប៉ុននេះ។ ប្រកួតនេះគឺជាការល្អមួយ ដើម្បីយើងធ្វើតេស្ដសមត្ថភាពកីឡាករថ្មីៗ ហើយអាចឈានដល់ការធ្វើតេស្ដកីឡាករបរទេសមួយចំនួនផងដែរ។ តែភាគរយច្រើន យើងផ្ដោតលើកីឡាករថ្មីៗ ពិសេសយុវជនមកពីសាលាបាល់ទាត់ជាតិបាទី តើគាត់អាចសហការគ្នា គាត់ខ្វះខាតកន្លែងណា និងត្រូវបំពេញកន្លែងណា ដើម្បីធ្វើឲ្យស៊ីជម្រៅជាមួយកីឡាករចាស់ៗ មុនរដូវកាលថ្មីមកដល់»។
លោកយល់ឃើញក្រុម U18 Fukushima គឺជាក្រុមមួយខ្លាំង ទោះនាមជាក្រុមយុវជនក៏ដោយ។ លោកគ្រូបង្វឹករូបនេះបន្តថា «ប្រកួតនេះ យើងអាចគិតពីលទ្ធផលទេ សំខាន់យើងចង់តេស្ដ តើរយៈពេលជាង ១សប្ដាហ៍ចុងក្រោយ ពួកគាត់មានការយល់ចិត្តគ្នា និងទម្រង់លេងមានការរីកចម្រើនកម្រិតណា? តែខ្ញុំជឿជាក់ថា យុវជនមកពីបាទី មានការអភិវឌ្ឍន៍ខ្លួនបានលឿន ជាក់ស្ដែងឆ្នាំមុន សាន គឹមហេង ក៏ដូច្នេះដែរ គាត់ព្យាយាមធ្វើតាមការណែនាំរបស់យើង ធ្វើឲ្យគាត់អភិវឌ្ឍន៍បានលឿន និងសហការគ្នាលេងជាក្រុមបានល្អ»៕
Source: Kampuchea Thmey Daily
0 Comments