អតីតជំនួយការយុទ្ធនាការរបស់លោក Trump ដែលទំនាក់ទំនងរបស់គាត់ជាមួយប្រទេសរុស្ស៊ី បានបង្កឲ្យមានការស៊ើបអង្កេតលើការឃុបឃិតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦នោះ គឺបានចាប់ផ្តើមការកាត់ទោសជាប់ពន្ធនាគាររយៈពេលពីរសប្ដាហ៍កាលពីថ្ងៃចន្ទជុំវិញពាក្យកុហកដែលគាត់បានប្រាប់ទៅ FBI។
លោក George Papadopoulos បានចូលក្នុងអង្គភាពសន្តិសុខអប្បបរមានៃពន្ធនាគារសហព័ន្ធ Oxford នៅរដ្ឋ Wisconsin ជាងមួយឆ្នាំបន្ទាប់ពីបានសារភាពកំហុសក្នុងរឿងក្ដីមួយដែលត្រូវបានលើកឡើងដោយរដ្ឋអាជ្ញារពិសេស Robert Mueller។ នេះបើតាមការឲ្យដឹងពីការិយាល័យពន្ធនាគារ។
គាត់គឺជាបុគ្គលទីពីរក្នុងការស៊ើបអង្កេតរបស់លោក Mueller ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបន្ទាប់ពីមេធាវីទីក្រុងឡុងដ៍លោក Alex Van Der Zwaan ត្រូវជាប់ពន្ធនាគាររយៈពេល៣០ថ្ងៃដោយសារការកុហកអំពីការងាររបស់គាត់ជាមួយលោក Paul Manafort ដែលជាប្រធានយុទ្ធនាការប្រធានាធិបតីរបស់លោក Donald Trump នៅក្នុងឆ្នាំ២០១៦។
ស្របពេលជាមួយគ្នានោះ លោក Manafort ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារជាងមួយទសវត្សរ៍នៅពេលគាត់ត្រូវបានកាត់ទោសកាលពីខែកុម្ភៈពីបទចោទប្រកាន់ជាច្រើនពាក់ព័ន្ធនឹងការលាងលុយកខ្វក់និងការបញ្ចុះបញ្ចូលខុសច្បាប់។
លោក Papadopoulos គឺជាអ្នកវិភាគឧស្សាហកម្មប្រេងនៅពេលដែលគាត់បានចូលរួមក្នុងក្រុមប្រឹក្សាគោលនយោបាយការបរទេសរបស់យុទ្ធនាការលោក Trump នៅក្នុងខែមីនាឆ្នាំ២០១៦។
ដោយមានមូលដ្ឋាននៅទីក្រុងឡុងដ៍ គាត់បានទាក់ទងជាមួយអ្វីដែលគាត់ជឿជាក់ថាជាជនជាតិរុស្ស៊ីដ៏សំខាន់និងមន្ត្រីមានទំនាក់ទំនងជាមួយរុស្ស៊ីដែលតាមរយៈនោះ គាត់បានស្នើសុំឲ្យយុទ្ធនាការឃោសនារបស់លោក Trump មានកិច្ចប្រជុំមួយរវាងបេក្ខជនលោក Trump ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
អ៊ីមែលនិងសក្ខីកម្មរបស់សាក្សីផ្សេងទៀតបានបង្ហាញថា លោក Papadopoulos បានរាយការណ៍ម្តងហើយម្តងទៀតអំពីទំនាក់ទំនងនិងជំនួបរបស់គាត់ជាមួយរុស្ស៊ីដល់យុទ្ធនាការរបស់លោក Trump ដោយធ្វើឲ្យមានការសង្ស័យអំពីការឃុបឃិតគ្នា៕ AFP
Source: Kampuchea Thmey Daily
0 Comments