Ad Code

កម្ពុ​ជា មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់ជាង​បណ្ដា​ប្រទេស​ជា​ដៃគូ​ប្រកួតប្រជែង​



ភ្នំពេញ ​៖ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល ​វិជ្ជាជីវៈ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស កម្ពុ​ជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់ជាង​ប្រទេស​នាំចេញ​ផលិតផល​កាត់ដេរ និង​ផលិត​ស្បែកជើង ដែល​ជា​ដៃគូ​ប្រកួតប្រជែង​របស់​កម្ពុជា។​

​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​កម្រិត​ខ្ពស់ ​ស្ដីពី​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា នៅ​សណ្ឋាគារ រ៉ា​ហ្វ៊​ល ឡី​រ៉ូយ៉ាល់​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ លោក​ ហេង សួរ រដ្ឋលេខាធិការ​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​ថា បើ​គិត​ត្រឹម​ថ្ងៃ​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ប្រទេស​កម្ពុ​ជា មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​ប្រទេស​នាំចេញ​ផលិតផល​កាត់ដេរ និង​ផលិត​ស្បែកជើង ដែល​ជា​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ក្នុង​វិស័យ​នេះ​មួយចំនួន​ដូចជា ប្រទេស​បង់ក្លាដេស ស្រីលង្កា ឥណ្ឌា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ឡាវ តំបន់​មួយចំនួន ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ខ្ពស់​ជាង​តំបន់​ទី​២ ទី​៣ និង​ទី​៤ នៃ​ប្រទេស​វៀតណាម ផង​ដែរ​។

លោក​បាន​បន្ត​ថា ​កម្ពុជា​ បាន​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​ជា​បន្ត​បន្ទាប់ ពី​ចំនួន​៤០​ដុល្លារ​អាមេរិក ក្នុង​មួយខែ ​នៅក្នុង​ឆ្នាំ ១៩៩៧ ដល់​១៨២​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​ នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ បូក​នឹង​ប្រាក់​អត្ថ​ប្រយោជន៍​បន្ថែម​ផ្សេងៗ​ទៀត​ កម្មករនិយោជិត​ម្នាក់​ អាច​ទទួលបាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី​១៩៩ ដល់ ២១០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដែល​កម្រិត​ប្រាក់​ឈ្នួល​នេះ បាន​ជួយ​ធ្វើឲ្យ​កម្រិតជីវភាព​រស់​នៅ​រ​បស់​បង​ប្អូន​កម្មករ​និយោជិក​កាន់តែ​ប្រសើរ​។

ទន្ទឹមនឹងនេះ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នឹង​ខិតខំ​បង្កើត​ការងារ​ថ្មី​ល្អ​កាន់តែច្រើន និង​រក្សា​ការងារ​ដែលមាន​ស្រាប់ ដើម្បី​ជួយឲ្យ​ប្រជាជន​យើង​មាន​ការងារ មុខរបរ អាជីព ការ​គាំពារ​សង្គម និង​ជីវភាព​កាន់តែ​ប្រសើរ​ឆ្លើយតប​ទៅនឹង​សេចក្ដីប្រាថ្នា​កាន់តែ​ខ្ពស់​របស់ខ្លួន​។

ជាក់ស្ដែង ឆ្នាំ​២០១៨​នេះ វិស័យ​ការងារ​បន្ត​រីកចម្រើន អត្រា​មានការ​ងារ​ធ្វើ​៩៩,៣% នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ជិត​១០​លាន​នាក់​។

សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល មាន​ចំនួន​សរុប​ជាង​១​ម៉ឺន​២​ពាន់ និង​មាន​កម្មករ​និយោជិក​សរុប​ចំនួន​ជិត​១​លាន​៥​សែន​នាក់​, សហ​គ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត​៦​សែន មាន​កម្មករ​ចំនួន​ជាង​២​លាន​៤​សែន​នាក់​, វិស័យ​កសិកម្ម​ប្រមាណ​ជាង​៤​លាន​នាក់​, ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ​១​លាន​២​សែន និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ​ជាង​៥​សែន​នាក់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu