ប្រទេសម៉ិកស៊ិកបាននិរទេសជនចំណាកស្រុកអាមេរិកកណ្តាលជាច្រើននាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីមនុស្សរាប់រយនាក់ បានបង្ខំធ្វើដំណើរឆ្លងកាត់របាំងប៉ូលិសម៉ិកស៊ិក ហើយឆ្ពោះដំណើរទៅសហរដ្ឋអាមេរិក ប៉ុន្តែត្រូវជួបប្រទះជាមួយឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រ។
បុរស ស្ត្រីនិងកុមារប្រហែល៥០០នាក់ដែលជាផ្នែកមួយនៃក្បួនមនុស្សប្រហែល៥,០០០នាក់ភាគច្រើនជាជនជាតិហុងឌូរ៉ាសបានឡើងរបងដែកហើយឆ្ពោះទៅទីក្រុង San Diego កាលពីថ្ងៃអាទិត្យ។
ក្រុមនេះត្រូវបានបញ្ឈប់ដោយរបងចាក់ច្រវាក់ ដែលមានដាក់លួសបន្លានៅខាងលើហើយភ្នាក់ងារល្បាតព្រំដែនរបស់សហរដ្ឋអាមេរិកបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រ។ បុរសយ៉ាងតិចម្នាក់បានរងរបួស។
ប្រធានភ្នាក់ងារល្បាតលោក Rodney Scott បានប្រាប់ CNN ថា “ជនអន្តោប្រវេសន៍មួយចំនួនធំដែលភាគច្រើនជាបុរសបានឆ្លងកាត់វាហើយ៤២នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួន”។
លោក Gerardo Garcia ស្នងការនៃវិទ្យាស្ថានជាតិចំណាកស្រុករបស់ម៉ិកស៊ិកបានបញ្ជាក់ពីការចាប់ខ្លួនមនុស្ស៩៨នាក់នៅប្រទេសរបស់គាត់ដោយនិយាយថា មាន “អ្នកញុះញង់” ក្នុងចំណោមជនចំណាកស្រុកដែលជំរុញឲ្យមនុស្សឆ្លងដែនដោយខុសច្បាប់។
ឧបទ្ទវហេតុនេះគឺជាសភាពធ្ងន់ធ្ងរបំផុតក្នុងវិបត្តិរយៈពេលមួយសប្តាហ៍ដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រើដើម្បីជួយទាក់ទាញការគាំទ្រដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែនេះ។
ប៉ុស្តិ៍ព្រំដែន San Ysidro ឆ្លងកាត់មកពីទីក្រុង Tijuana ដែលជាច្រកឆ្លងដែនអាមេរិក-ម៉ិកស៊ិកដ៏មមាញឹកបំផុតបានបិទការធ្វើចរាចរណ៍ និងអ្នកថ្មើរជើងជាច្រើនម៉ោងបន្ទាប់ពីឧបទ្ទវហេតុនេះ។
ជនចំណាកស្រុកជាច្រើននាក់បាននិយាយថា ពួកគេកំពុងភៀសខ្លួនចេញពីអំពើហិង្សានិងភាពក្រីក្រនៅក្នុងប្រទេសហុងឌូរ៉ាសដើម្បីស្វែងរកសិទ្ធិជ្រកកោននៅភាគខាងជើងនៃព្រំដែន៕ AFP
Source: Kampuchea Thmey Daily
0 Comments